ស្វាយរៀង៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀងនៅថ្ងៃទី៥ខែមករាឆ្នាំ២០១៨ម្សិលមិញនេះ បានបើកកិច្ចប្រជុំ ស្តីពីការផ្តល់សេវាថែទាំ សុខភាពដល់អត្ថគាហកៈ ដោយឥតបង់ថ្លៃនៅមូលដ្ឋាន សុខាភិបាលសាធារណៈនៅក្រោមកម្មវិធីមូលនិធិសមធម៌ សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនៃ បេឡាជាតិរបបសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត. កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមានការចូលរួម លោក លោកស្រីអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យទាំង៤នៃមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរពេទ្យខេត្ត លោកប្រធានស្រុកប្រតិបតិ្តទាំងបួន និងលោក លោកស្រីជាប្រធានមណ្ឌលសុខភាពទាំងអស់ សរុបវត្តមានចូលរួម ចំនួន ៧០នាក់។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមាន ប្រសាសន៍ថាៈ ការផ្តល់សេវាថែទាំសុខភាពដល់អត្ថគាហកៈ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នៃបេឡាជាតិរបបសន្តិសុខសង្គមគឺជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថាៈ ការផ្តល់សេវាថែទាំសុខភាពដល់អត្ថគាហកៈ នៅក្រោមកម្មវិធីមូលនិធិសមធម៌សុខាភិបាល និងចាប់ផ្តើមអនុវត្ត នៅទី១ ខែមករា ឆ្នាំ២០១៨ ។ដោយឡែករបបសន្តិសុខសង្គម ផ្នែកហានិភ័យ និងផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្តីពីការងារបាន និងកំពុងអនុវត្តដោយបេឡាជាតិរបបសន្តិសុខសង្គម និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្រី្តសាធារណៈ អតីតមន្រី្តរាជការ និងអតីតយុទ្ធជន នឹងចាប់ផ្តើមអនុវត្តក្នុងពេលខាងមុខនេះ ។ ក្នុងន័យនេះ ក្រសួងសុខាភិបាលក៏បានណែនាំដល់អង្គភាពសុខាភិបាលទាំងអស់ ត្រូវរៀបចំចាត់ចែងការផ្តល់សេវាថែទាំសុខភាពដល់អត្ថគាហកៈ នៅក្រោមកម្មវិធីមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកទាំសុខភាព។
លោក កែរ រដ្ឋា បានបញ្ជាក់ថា៖ ការប្រើប្រាស់ប័ណ្ណ មូលនិធិសមធម៌ នៅដើមឆ្នាំ២០១៨ខាងមុខ មានប័ណ្ណ៣ប្រភេទ ដែលចេញដោយ ប. ស. ស. និងក្រសួងសុខាភិបាល ។ ប័ណ្ណទី១. ពណ៌ផ្ទៃមេឃចាស់ សម្រាប់ផ្ដល់ជូនប្រើប្រាស់ដល់កម្មករ នយោជិកនៅក្នុងប្រព័ន្ធ។ ប័ណ្ណទី២. ពណ៌លឿង សម្រាប់ផ្ដល់ជូនកម្មករនិយោជិកក្រៅប្រព័ន្ធ និងប័ណ្ណទី៣. ពណ៌ស្វាយ សម្រាប់ផ្ដល់ជូនមន្ត្រីភូមិ កីឡាករ កីឡាការិនីប្រើប្រាស់។ ចំពោះលោកលោកស្រីដែលប្រើប្រាស់នូវប័ណ្ណបីខាងនោះ បើអស់លោកមករកសេវាព្យាបាលនៅមន្ទីរពេទ្យសូមយកប័ណ្ណរបស់ខ្លួន ដែលប្រើប្រាស់ និងភ្ជាប់មកជាមួយអត្តសញ្ញាប័ណ្ណ ដើម្បីបង្ហាញដល់ក្រុមគ្រូពេទ្យ នៅពេលទៅរកសេវាព្យាបាល នោះមន្ទីរពេទ្យមិនយកថវិកាពីលោក លោកស្រីនោះទេ៕ វ៉ៃកូ