មនុស្សចំនួន ៣២នាក់បានបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកប្រេងបុកគ្នាជាមួយនឹងកប៉ាល់ដឹកទំនិញ នៅសមុទ្រខាងកើត ស្ថិតក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់ BBC នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ។
កប៉ាល់ដឹកប្រេងឈ្មោះ Sanchi បានត្រូវភ្លើងឆាបឆេះក្រោយហេតុការណ៏បុគ្នា។ កប៉ាល់នេះដឹកប្រេងរបស់អ៊ឺរ៉ងចំណុះ ១៣៦.០០០តោន។
បើតាមក្រសួងដឹកជញ្ជូនរបស់ចិនបានឲ្យដឹងថា មនុស្សចំនួន ៣២នាក់ដែលនៅលើកប៉ាល់ដឹកប្រេងបានបាត់ខ្លួនទាំងអស់។ អ្នកទាំងនោះរួមមានជនជាតិអ៊ឺរ៉ងចំនួន ៣០នាក់ និងជាជាតិ បង់ក្លាដេសចំនួន ២នាក់ ហើយកប៉ាល់នេះចុះបញ្ជីនៅប្រទេសប៉ាណាម៉ា។
ចំនែកមនុស្សចំនួន ២១នាក់ដែលស្ថិតនៅលើកប៉ាល់ដឹកទំនិញ ត្រូវបានគេជួយសង្គ្រោះ។ រីឯកប៉ាល់ដឹងប្រេង បានរសាត់អណ្តែត និងត្រូវភ្លើងឆាបឆេះ។
ហេតុការណ៏បុកគ្នាដ៏កក្រើកនេះកើតឡើងនៅថ្ងៃសៅរិ៍ ស្ថិតនៅចំងាយប្រមាណ ២៩៦គីឡូម៉ែត្រពីឆ្នេរសមុទ្រសៀងហៃ។
កប៉ាល់ចិនចំនួន ៨គ្រឿងត្រូវបានអាជ្ញាធរចិនបញ្ជូនទៅដើម្បីធ្វើប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះ។ នេះបើតាមការចេញផ្សាយរបស់ភ្នាក់ងារសារព៌តមានចិន Xinhua។
ប្រទេសកូរ៉េខាងត្បូង ក៏បានបញ្ជូនកប៉ាល់ និងយន្តហោះជាច្រើនគ្រឿងផងដែរទៅជួយក្នុងប្រតិបត្តិការនោះ៕ សុភ័ក្ត្រ