ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពេលនេះយើងបានឈានចូលឆ្នាំ ២០១៨ ហើយ ដែលជាឆ្នាំទី ៥ នៃការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា បន្ទាប់ពីយើងបានសម្រេចនូវសមិទ្ធផលថ្មីៗទៀតយ៉ាងច្រើនក្នុងឆ្នាំកន្លងទៅ ។
ក្នុងទិវាប្រារព្ធខួប៣៩ឆ្នាំនៃជ័យជម្នះ៧មករា កាលពីថ្ងៃទី៧ខែមករាឆ្នាំ២០១៨ ដែលធ្វើឡើងនៅកោះពេជ្រ សម្តេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ខឿនការពារជាតិរបស់ប្រជាជន និងខឿនសន្តិសុខជាតិ ត្រូវបានពង្រឹងកាន់តែរឹងមាំ ធានាដល់កិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនានៃសង្គមជាតិ ។ ជាពិសេស ឧបាយកលបដិវត្តន៍ពណ៌របស់គណបក្សប្រឆាំងដែលឃុបឃឹតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានទប់ស្កាត់ដោយជោគជ័យ តាមរយៈវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ ។ ក្បាលម៉ាស៊ីនអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជាដែលបានបោកប្រាស និងក្បត់ឆន្ទៈរបស់ប្រជាជនត្រូវបានរំលាយ បុគ្គលមួយចំនួនដែលជាប់ពាក់ព័ន្ធក៏ត្រូវបានតុលាការវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន ។ លើមូលដ្ឋាននេះ កម្ពុជាបានការពារយ៉ាងរឹងមាំនូវសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន បញ្ចៀសគ្រោះមហន្តរាយជាថ្មីសម្រាប់ជាតិ និងធានាដល់ការបន្តលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា តាមគន្លងដ៏ត្រឹមត្រូវ ។
ប្រមុខគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ដំណើរកែទម្រង់រដ្ឋដ៏ស៊ីជម្រៅនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវបានបន្តជំរុញអនុវត្តដោយឆន្ទៈមុតស្រួច និងកាន់តែមានប្រសិទ្ធភាព ដែលបានជះឥទ្ធិពលល្អដល់ការលើកកម្ពស់អភិបាលកិច្ចនៃស្ថាប័ន រដ្ឋ ការពង្រឹងយុត្តិធម៌ សមធម៌ក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងទទួលបាននូវការសាទរពីប្រជាជន។
ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដ៏រឹងមាំ បានធានាឲ្យកម្ពុជាបន្តសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ សេដ្ឋកិច្ចកម្ពុជាបានសម្រេចកំណើន ៦,៩% ក្នុងឆ្នាំ ២០១៧ ។ កំណើនដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជា ទេសចរណ៍ និងអចលនទ្រព្យជាដើម ។ គួរកត់សម្កាល់ថា កម្ពុជាកំពុងតែផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម ។
កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក ។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិបានកើនជារៀងរាល់ឆ្នាំ អាស្រ័យដោយវិនិយោគផ្ទាល់ពីបរទេសមានកំណើនល្អ ជាមួយគ្នានេះ តុល្យភាពជញ្ជីងទូទាត់ក៏មានភាពកាន់តែប្រសើរឡើងដែរ ។
កម្រិតជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈសូចនាករសង្គម ជាពិសេសការកើនឡើងនៃ ផសស. ជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១.០៤២ ដុល្លារអារមេរិក ក្នុងឆ្នាំ ២០១៣ ដល់ប្រមាណ ១.៤៣៥ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧ ។ អត្រាភាពក្រីក្រមានការធ្លាក់ចុះយ៉ាងខ្លាំងពី ៥៣,៥% ក្នុងឆ្នាំ ២០០៤ មកត្រឹម ១៣,៥% ក្នុងឆ្នាំ ២០១៤ និងបន្តធ្លាក់ចុះថែមទៀតហើយជាមួយគ្នានេះ គម្លាតនៃប្រាក់ចំណូលរបស់ប្រជាជន ក៏មានការធ្លាក់ចុះជាលំដាប់ផងដែរ ។
ការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងបរិការណ៍អតិផរណាទាប និងអត្រាប្តូរប្រាក់មានស្ថិរភាព បានធ្វើឲ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់នៅទូទាំងប្រទេសកាន់តែមានឱកាសក្នុងការស្វែងរកការងារ និងក្នុងការបង្កើនប្រាក់ចំណូល ដោយក្នុងនោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំតាមរយៈការអនុវត្តនូវគោលនយោបាយដំឡើងប្រាក់បៀវត្សក្នុងគោលដៅជាង ១ លានរៀល នៅឆ្នាំ ២០១៨ ។ ចំពោះកម្មករ និយោជិតរាប់សែននាក់ដែលកំពុងតែបម្រើការងារក្នុងវិស័យឯកជន ក៏ទទួលបាននូវឱកាសក្នុងការបង្កើនប្រាក់ចំណូលរបស់ខ្លួន តាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមាជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ដែលកើនឡើងដល់ ១៧០ ដុល្លារអាមេរិកនៅឆ្នាំ ២០១៨ ដោយមិនទាន់គិតទៅដល់ការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ។ ការបង្កបង្កើនផលកសិកម្មឆ្នាំនេះទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន ឯតម្លៃកសិផលក៏បានខ្ពស់ជាងឆ្នាំមុនដែរ ។ ក្រៅពីការផ្តល់ឱកាសស្វែងរកការងារ និងឱកាសបង្កើនប្រាក់ចំណូលជូនដល់ប្រជាជនរាប់លាននាក់ខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគោលនយោបាយចាំបាច់នានាជាបន្តបន្ទាប់ ក្នុងគោលដៅដោះស្រាយការលំបា
ក ក្តីកង្វល់ និងបំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់ជាតិ ទាំងបញ្ហាសង្គម និងបញ្ហាសេដ្ឋកិច្ច ហើយនៅឆ្នាំ ២០១៨ នេះ រាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការមូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និវត្តជន ក្រុមប្រឹក្សាគ្រប់ថ្នាក់ និងមន្ត្រីភូមិ និងកំពុងបន្តរៀបចំនូវការគាំពារសង្គមខាងសុខភាព និងហានិភ័យផ្សេងទៀតឲ្យមានវិសាលភាពគ្របដណ្តប់សម្រាប់ប្រជាជនទូទៅ ។
បើតាមសម្តេចតេជោ ឆ្លងកាត់រយៈពេល ៣៩ ឆ្នាំមកនេះបានបង្ហាញច្បាស់ថា ផ្តើមពីជ័យជម្នះ ៧ មករា ប្រទេសកម្ពុជា បាន និងកំពុងឈានទៅមុខតាមទិសដៅដ៏ត្រឹមត្រូវដែលស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងដើរស្របជាមួយនិន្នាការរួមក្នុងតំបន់ ក៏ដូចពិភពលោក ទោះបីជាត្រូវជួបនឹងការលំបាក និងភាពបត់បែនយ៉ាងច្រើនក្តី ៖
កម្ពុជាពីមុនដែលជាវាលពិឃាត ជាសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ជាតំបន់អសន្តិសុខគួរឲ្យខ្លាចរអា ឥឡូវបានក្លាយទៅជាទឹកដីសន្តិភាព និងសេរីភាពដែលប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា និងជាតំបន់ទេសចរណ៍មួយប្រកបដោយភាពទាក់ទាញទាំងក្នុងតំបន់ និងពិភពលោក ដែលបានទទួលភ្ញៀវទេសចរដល់ប្រមាណ ៥ លាន ៦ សែននាក់ក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ ។
កម្ពុជាពីមុនដែលធ្លាប់គ្របដណ្តប់ដោយអំណាចផ្តាច់ការរបស់ពួកឃាតករ ប៉ុល ពត និងត្រូវគេប្រមាថមើលងាយ ឥឡូវបានក្លាយទៅជាប្រទេសមួយដែលប្រកាន់ខ្ជាប់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស លើកតម្កើងសិទ្ធិ និងសេចក្តីថ្លៃថ្នូរបស់មនុស្ស អនុវត្តយ៉ាងទៀងទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋមានអធិបតេយ្យពេញលេញដែលមិនអាចរំលោភបំពានបាន ។
កម្ពុជាពីមុនដែលជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធទាំងខាងសេដ្ឋកិច្ច និងនយោបាយ ឥឡូវនេះបានក្លាយទៅជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក មានចំណងមិត្តភាព និងសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយបណ្តាប្រទេស ហើយកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក ។
កម្ពុជាពីមុនដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិមកជួយប្រទេសរបស់ខ្លួន តែរយៈពេលជាងមួយទសវត្សកន្លងទៅនេះ បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនទៅចូលរួមក្នុងការរក្សាសន្តិភាពនៅប្រទេសជាច្រើនក្នុងក្របខ័ណ្ឌប្រតិបត្តិការនៃអង្គការសហប្រជាជាតិ ។
កម្ពុជាពីមុនដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទី គ្រប់ដណ្តប់ដោយភាពក្រីក្រ និងខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ឥឡូវនេះបានក្លាយទៅជាប្រទេសនាំអង្ករចេញ ហើយស្ថិតនៅចំណាត់ថ្នាក់នៃប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ដោយមានអត្រាកំណើនជាមធ្យម ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ព្រមទាំងសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ ។ កម្ពុជាបានសម្រេចនូវបង្គោលចរដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺបានប្រែក្លាយពីប្រទេសមានចំណូលទាបទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយកំពុងបន្តដំណើរឈានទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។
ទាំងអស់នេះ ជាការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្រនៃកម្ពុជាក្នុងរយៈពេលជិត ៤ ទសវត្សរ៍ចុងក្រោយនេះ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ពីការចូលរួមដោយទឹកចិត្តស្នេហាជាតិដ៏ពុះពោររបស់ប្រជាជនគ្រប់ស្រទាប់ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កសិករ កម្មករ អាជីវករ ពលករទូទៅ និងមជ្ឈដ្ឋានជឿនលឿននានាក្នុងសង្គម ក្នុងដំណើរការស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការជួយឧបត្ថម្ភដ៏ស្មោះសពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ ។
៣៩ ឆ្នាំកន្លងទៅនេះ គឺ ៣៩ ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យជម្នះ ។ ការខិតខំពុះពាររបស់យើងក្នុងរយៈពេល ៣៩ ឆ្នាំមកនេះ បានកែប្រែមាតុភូមិយើងពីគំនរផេះផង់ឲ្យរស់ឡើងវិញ និងរីកចម្រើនលូតលាស់ប្រកបដោយមោទនភាពបំផុត ដែលបានពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ឲ្យយើងឈានទៅសម្រេចនូវគោលដៅដ៏ឧត្តុង្គឧត្តម គឺ “កម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាព” ។ ពិតណាស់ថា ផ្លូវទៅមុខទៀតយើងនៅតែមានឧបសគ្គ ប៉ុន្តែគ្មានឧបសគ្គណាអាចមករារាំងមិនឲ្យយើងសម្រេចបំណងប្រាថ្នាបានឡើយ ឲ្យតែប្រជាជាតិយើងមានការឯកភាព រួបរួមសាមគ្គីគ្នា បន្តធ្វើដំណើរទៅមុខលើផ្លូវដ៏ត្រឹមត្រូវនេះ ។ យើងត្រូវជឿជាក់លើការខិតខំរបស់យើង ហើយគប្បីចងចាំថា គឺកត្តាផ្ទៃក្នុងរបស់ជាតិយើងដែលជាកត្តាកំណត់នៃជ័យជម្នះ ពុំមែនបរទេសជាអ្នកកំណត់នោះទេ ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្តេជ្ញាដាច់ខាតក្នុងការការពារសន្តិភាពដែលយើងសម្រេចបានមកដោយលំបាកបំផុត ឲ្យរឹងមាំ ស្ថិតស្ថេរ គង់វង្សជានិច្ច ទោះបីជាត្រូវបង់ដោយតម្លៃណាក៏ដោយ ។ សន្តិភាពជាកត្តាជាសារវ័ន្ត ដើម្បីធានាដល់ដំណើររីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្តប្រកបដោយកិត្តិយសរបស់ប្រជាជនយើង ។ បើយើងបាត់បង់សន្តិភាព នោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់៕ ដោយ៖បញ្ញាស័ក្តិ