ថៃ បានចេញបញ្ជាឲ្យប្រទេសនេះចាប់ និងនាំខ្លួនអតីតនាយករដ្ឋមន្ត្រីអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា យកមកពីបរទេស ដើម្បីឲ្យប្រឈមមុខជាមួយនឹងតុលាការ បន្ទាប់ពីរូបភាពបង្ហាញថា អ្នកស្រីយីងឡាក់ កំពុងស្ថិតនៅទីក្រុងឡុង ប្រទេសអង់គ្លេសពិតប្រាកដមែន។
តាមនោះ អនុបញ្ជាការប៉ូលិសភូមិន្ទថៃ លោក Srivara Ransibhramanakul, បានលើកឡើងព័ត៌មានដូចពោលខាងលើ បន្ទាប់ពីទទួលបានបទបញ្ជាពីនាយករដ្ឋមន្ត្រី និងឧបនាយរដ្ឋមន្ត្រី។
រដ្ឋាភិបាលថៃបញ្ជាឲ្យប៉ូលិសចាប់និងនាំខ្លួនអ្នកស្រីយីងឡាក់ ឲ្យត្រឡប់មកមាតុប្រទេសវិញ ដើម្បីទទួលទណ្ឌកម្ម។
រដ្ឋាភិបាលថៃ បានសំណូមពរឲ្យប៉ូលិសធ្វើការប្រមូលព័ត៌មានពីកន្លែងលាក់ខ្លួនរបស់អ្នកស្រី យីងឡាក់ ជាមួយប៉ូលិសអន្តរជាតិ (Interpol) និងរាយការណ៍ជាប្រចាំឲ្យប្រមុខរាជរដ្ឋាភិបាល។
លោក Tawatchai Mekprasert, នាយកផ្នែកវិទ្យាសាស្ត្រកោសល្យវិច្ឆ័យរបស់ប៉ូលិសថៃឲ្យដឹងថា រូបភាពខាងលើជារូបភាពពិតពុំមានការកាត់តអ្វីឡើយ។
ក្រៅពីនោះក៏នៅមានរូបភាពថ្មីៗដទៃទៀត បានបង្ហាញវត្តមានលើបណ្តាញសង្គមជាបន្តបន្ទាប់។ ជាអាទិ៍ រូបភាពដែលអ្នកស្រីយីងឡាក់ កំពុងស្ថិតនៅខាងក្រៅងមជ្ឈមណ្ឌលពាណិជ្ជកម្ម Westfield សង្កាត់ Shepherd’s Bush, ទីក្រុងឡុង ថ្ងៃ ២៦/១២/២០១៧។
ក្នុងបរិបទពាក់ព័ន្ធមួយផ្សេងទៀត ប៉ូលិសថៃឲ្យដឹងថា ពួកគេកំពុងត្រួតពិនិត្យធ្វើការចោទប្រកាន់លើកូនប្រុសរបស់អ្នកស្រី នៅទីក្រុងឡុង ដើម្បីជួបជុំជាមួយម្តាយនាឱកាសចូលឆ្នាំថ្មី៕ ចន្ទ្រា