ភ្នំពេញ៖ តាមរយៈការបំពេញទស្សនកិច្ចនៅកម្ពុជារបស់នាយករដ្ឋមន្ត្រីចិន លីខឺឈាង តាមគម្រោងអាចនឹងមានការចុះហត្ថលេខាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លើគម្រោងផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣មួយទៀត។ នេះតាមការបញ្ជាក់អោយដឹង ក្នុងកិច្ចប្រជុំទាក់ទងនឹងគម្រោងសៀងហៃ កាលពីព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០១៨នៅសាលារាជធានីភ្នំពេញ។
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គម្រោងសៀងហៃទាក់ទងនឹងខ្សែក្រវាត់ក្រុងភ្នំពេញទី២ បើតាមដំណឹងដែលយើងទទួលបាន គឺនាយករដ្ឋមន្ត្រីចិន លីខឺឈាង ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១០ដល់ទី១១
ខែមករាខាងមុខនេះ ប្រហែលជានឹងមានការចុះហត្ថលេខាលើគម្រោងទី៣មួយទៀត។ ដូច្នេះយើងត្រូវធ្វើការត្រួតពិនិត្យលើតុល្យភាពនៃគម្រោងខ្សែក្រវាត់ក្រុងទី២នេះឡើងវិញ ហើយក៏ឈានទៅដល់ការប្រើប្រាស់ភាសាតែមួយ ដើម្បីរាយការណ៍ជូនទៅថ្នាក់លើរៀងៗខ្លួន។
លោកកើត ឆែ បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះ ជាឱកាសដ៏ល្អបំផុត ក្នុងការពិភាក្សានិងសហការជាមួយគ្នាដើម្បីធ្វើយ៉ាងណា ឲ្គម្រោងនេះបានជោគជ័យ ពីព្រោះថាកាលណា បើគេផ្តល់ជំនួយមក ផ្តល់លុយមកយើងធ្វើគម្រោងមិនបានជោគជ័យ គេក៏មិនផ្តល់ឲ្យគម្រោងមួយទៀតដែរ ។
លោកបន្តថា កិច្ចប្រជុំនេះមានបីបញ្ហា គឺបញ្ហាទី១ ក្រុមហ៊ុនសៀងហៃ ត្រូវធ្វើការជួសជុលមហាវិថីសហព័ន្ធរុស្ស៊ីនៅក្នុងដែនគម្រោងរបស់ខ្លួនឲ្យបានឆាប់រហ័សនិងមានគុណភាពរឹងមាំ ។ កិច្ចការនេះបានធ្វើការប្រជុំជាមួយគ្នាម្តង់រួចហើយ ពោលគឺនៅមុនពេលបទបញ្ជាសម្តេចតេជោ ក្នុងពេលដែលសម្តេចតេជោ ទៅជួបជាមួយកម្មករនៅចោមចៅ ។ កន្លងមកនេះក្រុមហ៊ុនសៀងហៃបានធ្វើការជួសជុលផ្លូវម្តងរួចមកហើយ ហើយឥឡូវនេះក្នុងដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីចិន គឺសុំឲ្យក្រុមហ៊ុនសៀងហៃធ្វើការពិនិត្យត្រង់ចំណុចនេះឡើងវិញ លើការអ៊ុតកៅស៊ូលើមហាវិថីសហព័ន្ធរុស្ស៊ី ចំណែកផ្លូវលើអាកាសមិនទាន់បានប្រើប្រាស់ទេ ព្រោះមិនទាន់ស្ថាបនារួចរាល់ ដូច្នេះសុំឲ្យក្រុមហ៊ុនធ្វើការអ៊ុតកៅស៊ូនៅចំណុចស្ពានអាកាសនេះឲ្យបានស្អាតល្អដើម្បីទទួលគណៈប្រតិភូនាយករដ្ឋមន្ត្រីចិន ហើយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ មានភារកិច្ចជាអ្នកត្រួតពិនិត្យគុណភាព។ ចំណែកបញ្ហាទី២ លើការងាររុះរើបណ្តាញអគ្គិសនី គឺបណ្តាញអាកាសកម្លាំងតង់ស្យុង១១០គីឡូវ៉ុល ដែលត្រូវប្តូរមកដាក់ខ្សែកាប កប់ក្រោយដីក្នុងជំហានទី១ ចាប់ពីគីឡូម៉ែត្រលេខ៩+៦៣៣ ផ្លូវ១០១៩ ដល់គីឡូម៉ែត្រ១០+៨៨០ គឺអគ្គិសនីកម្ពុជា ជាអ្នកអនុវត្តការងារដែលត្រូវបញ្ចប់នៅខែកុម្ភៈឆ្នាំ២០១៨ ។
បញ្ហាទី៣ គឺការងាររុះរើបង្គោលខ្សែបណ្តាញអាកាសតង់ស្យុង១១៥គីឡូវ៉ុល ក្នុងជំហានទី២ ចាប់ពីផ្លូវ២០០៤ គីឡូម៉ែត្រលេខ១០+៨៨០ រហូតដល់ផ្លូវវេងស្រេង គីឡូម៉ែត្រ១៥ +១៨០ ។
លោកកើត ឆែ បានបញ្ជាក់ថា បញ្ហាទី៣នេះ មានបញ្ហាលើកញ្ចប់ថវិកា ប៉ុន្តែត្រូវបានលោកអភិបាលរាជធានីភ្នំពេញ ជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចហើយដែរ ហើយត្រូវបានថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលស្គាល់ថា រាជធានីភ្នំពេញអត់មានថវិកា ដូច្នេះក្រសួងសេដ្ឋកិច្ចមានកញ្ចប់ថវិកាផ្សេងសម្រាប់យកមកប្រើប្រាស់ ៕ ដោយ៖កូឡាប