រូបភាព១សន្លឹកដ៏សែនខ្លោចផ្សាបំផុត បង្ហាញឲ្យឃើញទារកម្នាក់ ស្ថិតក្នុងស្ថានភាពត្រូវបានកប់ដងខ្លួនទៅនឹងដីខ្សាច់ក្នុងដី១កន្លែង (ពុំស្គាល់ទីតាំង) ដោយនៅសល់តែក្បាល និងដៃម្ខាង បានកំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងក្តីអាណិតអាសូរជាពន់ពេកក្រៃ ជាមួយពាក្យជេរប្រទេច ដាក់បណ្តាសារធ្ងន់ៗធ្ងរបំផុត ចំពោះឪពុកម្តាយរបស់ទារកដ៏អភព្វម្នាក់នេះ ។
នៅលើបណ្តាញសង្គម គេបានចែករំលែករូបភាពដ៏សែនអាណោចអាធមនេះ អមជាមួយសារសរសេរថា៖ «សំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់…. ខំពរពោះ៩ខែ១០ថ្ងៃ បង្កើតរួចយកទៅកប់ចោលទាំងរស់ តែសំណាងមានគេឃើញ ហើយក៏សង្គ្រោះទាន់ពេលវេលា គឺក្មេងមិនទាន់ស្លាប់ទេ» ។
ជាមួយគ្នានោះផងដែរ អ្នកប្រើប្រាស់ហ្វេសប៊ុក បានខមមិនវាយប្រហារយ៉ាងធ្ងន់ៗដូចៗគ្នា ទៅលើស្រ្តី និងបុរស ដែលបានបង្កើតទារកដ៏កំសត់ម្នាក់នេះថា៖ «មីថោក អាថោក បើមិនចង់ ម្ដេចមិនអោយគេទៅ ខំសាងបាបម្លេះ» ។ រីឯអ្នកដទៃទៀតថា៖ «ចេះធើ្វចឹងទៅរួចដែរ អីក៏ចិត្តខ្មៅម្លេះ អាណិតណាស់ លោកអើយ សូមព្រះតាមថែរក្សាកូននេះផង!!» ៕