ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញតាមចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈលើក្មេងស្រីបានសម្រេច ខណៈក្មេងស្រីដេកក្នុងផ្ទះតែម្នាក់ឯង។
ករណីរំលោភសេពសន្ទវៈ ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅវេលាម៉ោងជាង៩យប់ ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងក្រុម៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
បើតាមឪពុករបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ពីដំណើររឿងយ៉ាងលម្អិត មុនបង្កការភ្ញាក់ផ្អើល ហើយឈានទៅដល់ការដេញតាមចាប់ខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ច ដើម្បីរកភាពយុត្តិធម៌ គឺបានធ្វើឡើងនៅម៉ោងប្រមាណជាជាង៩យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅខណៈដែលរូបគាត់មកពីដើររើសអេតចាយវិញ ក៍សំដៅទៅបន្ទប់ជួល រួចក៍រុញទ្វារ ស្រាប់តែឃើញជនសង្ស័យដេកនៅពីលើកូនស្រីរបស់ខ្លួន “ជនរងគ្រោះ” ទើបបណ្ដាលឲ្យគាត់ “ឪពុក” ទៅបើកភ្លើង ហើយស្រែកសួរខ្លាំងៗថា មានគេចាប់រំលោភកូនស្រីរបស់គាត់ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរស្ទុះរត់ចេញភ្លាមៗ តែបានត្រឹមប្រហែល៣០០ម៉ែត្រប៉ុណ្ណោះ ត្រូវបានប្រជាពលរដ្ឋជាអ្នកជិតខាងដេញតាមរហូតចាប់ក្របួចជាប់ ដោយរកឃើញវត្ថុតាងមានស្រោមអនាម័យ១ និងស្រោមទឹករំអិល១។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ រ.ស.ណ អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅជាមួយឪពុកឈ្មោះ ណូយ ផល្លា ក្នុងទីតាំងកើតហេតុខាងលើ។ឯជនសង្ស័យមានឈ្មោះ សឿន ស៉ីណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយប្រជាពលរដ្ឋដេញតាមចាប់ខ្លួន ជនសង្ស័យបាន ក្រោមការប្ដឹងចោទប្រចាន់ពីបទរំលោភសេពសន្ទវៈ លើអនិតិជន ត្រូវបាននាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕ដោយ៖បញ្ញាស័ក្តិ