ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអនុញ្ញាតជូនឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ដ្រាលីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួង។
នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ឡើងវិញនូវទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ និងបានសម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីល្អដែលមានស្រាប់ ថែមមួយកម្រិតទៀត។
នៅព្រឹកថ្ងៃដដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Milena បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាលើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ រួមមាន កសិកម្ម កីឡា និងសុខភាព។ ភាគីទាំងពីរក៏បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះបន្ថែមទៀត នៅពេលដែលកម្ពុជា និងគុយបាប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត នៅឆ្នាំនេះ។
នៅរសៀលថ្ងៃដដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃទំនាក់ទំនង និងភាពជាដៃគូ រវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី