ភ្នំពេញ៖ ក្នុងកិច្ចប្រជុំក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លោកជំទាវ ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា កិច្ចប្រជុំនេះមានគោលបំណង សម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ឲ្យអតិថិជនដែលបានទទួលកម្ចីពីម្ចាស់បូរី ក្នុងតម្លៃខ្ពស់ អាចផ្ទេរកម្ចីនេះទៅជាមួយគ្រិះស្ថានធនាគារវិញក្នុងអាត្រាការប្រាក់មួយទាបជាង។ កិច្ចសម្របសម្រួលនេះនឹងជួយម្ចាស់បូរីដែលជាប់គាំងទុនបង្វិល បានលុយដុំមកវិញដើម្បីបន្តរការអភិវឌ្ឍរបស់ពួកគាត់ ហើយក៏នឹងជួយអតិថិជនឲ្យទទួលបានឥណទានផ្ទះពីគ្រិះស្ថានធនាគារ ដែលជាទូទៅមានការប្រាក់ទាបជាង និងមានរយៈពេលយូរជាងរហូតដល់ ២៥ឆ្នាំ ឬ ៣០ឆ្នាំ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះក្នុងឱកាស បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ ផ្នែកឯកជន “ក្រុមឌ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដឹកនាំដោយលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំនេះមានការចូលរួមពីម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ (ម្ចាស់បុរី) ប្រធានសមាគមធនាគារនៅកម្ពុជា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងតំណាងមកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងគោលបំណងពិភាក្សាលើបញ្ហាប្រឈមនានាក្នុងវិស័យសំណង់និងអចលនទ្រព្យ ជាពិសេសការស្វែងរកដំណោះស្រាយចំពោះបញ្ហារបស់អតិថិជនដែលទិញផ្ទះបង់រំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ (ម្ចាស់បុរី)។ អង្គប្រជុំក៏បានពិភាក្សាលើការស្វែងរកលទ្ធភាពក្នុងការផ្ទេរអតិថិជនទាំងនោះទៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាទូទៅផ្តល់ជូនឥណទានដែលមានអត្រាការប្រាក់ទាបជាង និងមានការវាយតម្លៃលទ្ធភាពសងត្រលប់បានល្អប្រសើរជាង។ កិច្ចសម្របសម្រួលនេះនឹងជួយម្ចាស់បុរីដែលជាប់គាំងទុនបង្វិល បានទទួលដើមទុនមកវិញដើម្បីបន្តការអភិវឌ្ឍរបស់ពួកគេ ហើយក៏នឹងជួយអតិថិជនឱ្យទទួលបានឥណទានទិញផ្ទះពីគ្រឹះស្ថានធនាគារ ដែលមានការប្រាក់ទាបជាង និងមានរយៈពេលសងត្រលប់យូរជាងរហូតដល់ទៅ ២៥ឆ្នាំ ឬ ៣០ឆ្នាំ។
ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីការបន្ធូរបន្ថយបទប្បញ្ញត្តិមួយចំនួននាពេលកន្លងមក ដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់លក្ខខណ្ឌអនុគ្រោះដល់អតិថិជនទទួលឥណទាន ដែលរួមមានដូចជាការអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ ការពន្យាររយៈពេលសងត្រលប់ និងការសម្រួលក្នុងការផ្តល់ឥណទានការប្រាក់ទាបសម្រាប់អ្នកទិញផ្ទះលើកដំបូងជាដើម។ លោកជំទាវទេសាភិបាលបានលើកឡើងថានឹងបន្តផ្តល់កិច្ចសម្របសម្រួលនានាបន្ថែមទៀត ស្របតាមភាពចាំបាច់ជាក់ស្តែង និងបានជំរុញឱ្យអង្គប្រជុំលើកឡើងពីកត្តាប្រឈមជាក់ស្តែង ដើម្បីកំណត់បញ្ហាបានត្រឹមត្រូវផងដែរ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាប្រធានអង្គប្រជុំ បានលើកឡើងពីការកំណត់បញ្ហាត្រូវចំណុចចេញពីកិច្ចប្រជុំនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថានឹងបង្កើតក្រុមការងារ ដែលមានសមាសភាពពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តធ្វើការលើបញ្ហាជាក់ស្តែងនីមួយៗឱ្យបានលម្អិត សំដៅរកដំណោះស្រាយឱ្យបានឆាប់ៗ៕រក្សាសិទ្ធដោយ៖សុទ្ធលី