បើទោះជាថ្នាក់ដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅដល់សមត្ថកិច្ចរាជធានី ខេត្ត/ក្រុង នៅទូទាំងប្រទេស ត្រូវតែបោសសម្អាតរាល់ទង្វើនិងសកម្មភាពកាប់ចាក់គ្នាបង្កអសន្តិសុខដល់សង្គម របស់ពួកក្មេងទំនើង ដែលមិនអាចអត់ឱនឲ្យបាន ដោយត្រូវតែចាប់បញ្ជូនចូលគុកយ៉ាងណាក៏ដោយ ក៏ពួកក្មេងទំនើងទាំងប្រុសទាំងស្រីមួយចំនួន គឺនៅតែចេញវីដេអូដ៏ផ្គើន តាមរយៈប្តូរស្តាយមកបញ្ចេញក្បាច់រំា កាន់កាំបិត ដាវ វិញម្តង ។
ជាក់ស្តែង តារា TikTok ស្ទាវស្រី២នាក់ បានចេញមកគួរឲ្យភ្ញាក់ផ្អើលខ្លាំងតែម្តង ដោយម្នាក់ស្លៀកស៊ិចស៊ី បញ្ចេញក្បាច់រាំដ៏បែកស្លុយ ខណៈម្នាក់ទៀត អង្គុយនៅលើគ្រែពីក្រោយ បញ្ចេញដាវជាមួយសកម្មភាពដកហូតដាវ យ៉ាងឌឺ ដោយគ្មានខ្លាចញញើតសូម្បីបន្តិចសោះឡើយ។
ដូចគិតមិនខុសមែន គឺថាមិនបានប៉ុន្មានម៉ោង បន្ទាប់ពីបញ្ចេញវីដេអូ ជាមួយសកម្មភាពយកទង្វើទំនើងដ៏ផ្គើននេះ ដើម្បីចង់ល្បី នៅពេលនេះ តារា TikTok ស្ទាវស្រីទាំងពីរនេះ ដែលគេស្គាល់យ៉ាងច្បាស់មានឈ្មោះថា អេ ម៉ា ជាអ្នកប្រម៉ូតលក់ម៉ូតូ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកវាស់កម្ពស់បានសម្រេច។ ប៉ុន្តែ មិនដឹងថា ត្រឹមតែជាការអប់រំ រួចឲ្យត្រឡប់ទៅផ្ទះវិញ ឬយ៉ាងណានោះទេ។
ជាក់ស្តែង អ្នកលេងបណ្តាញសង្គម ដែលស្គាល់ឲ្យដឹងថា ស្ទាវស្រីម្នាក់រាំហ្នឹង មានស្រុកកំណើតនៅខេត្តស្វាយរៀង និងមានអាខោន TikTok ឈ្មោះថា អេ ម៉ា លក់ម៉ូតូ នៅកំបូល៕