បន្ទាយមានជ័យ ៖ យុវជនម្នាក់បាននាំនារីម្នាក់ ឆ្លងអូរច្រកព្រំប្រទល់កម្ពុជា-ថៃ ហើយឃើញសម្រស់នារីស្រស់ស្អាត ក៏បានចាប់បង្ខំរំលោភតែមិនបានសម្រេច។ កម្លាំងអាវុធហត្ថឃាត់ខ្លួនម៉ោង២រសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចមួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពោលក្រោយពីគេចខ្លួនបាន២ថ្ងៃ ។
សមត្ថកិច្ចចោទថា ករណីបទប្រទូស្តកេរ្តិ៍ខ្មាស ដែលប្រព្រឹត្តកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃមាត់អូរ ច្រកព្រំប្រទល់កម្ពុជា-ថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអនុសេនីយ៍ ចាន់ រដ្ឋា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ៖ ជនសង្ស័យ ឈ្មោះ ទី រដ្ឋា ភេទ ប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ ឯនារីរងគ្រោះមានឈ្មោះ ខន រ៉ានី ភេទ ស្រី អាយុ ២៧ឆ្នាំ មុខរបរកម្មករ រស់នៅ ភូមិកូនដំរីសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ គឺខ្លួនពិតជាបានប្រតាយប្រតប់លូកលាន់កេរ្តិ៍ភេទ(ប្រទូស្តកេរ្តិ៍ខ្មាស)លើនារីរងគ្រោះ(ឈ្មោះ ខន រ៉ានី ) ពិតប្រាកដមែន។
លោកវរសេនីយ៍ ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារយុត្តិធម៌បាននិយាយថា: យោងចម្លើយសារភាពរបស់ជនសង្ស័យ និងបានពិនិត្យទឹកនោមផងនោះឃើញជនសង្ស័យមានជាប់សារធាតុញៀនថែមទៀត។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យស្តីពីបទប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងប្រទូស្តកេរ្តិ៍ខ្មាស ទៅតុលា ដើម្បីចាត់ការទៅតាមនីតិវិធី៕ ដោយ ៖ បន្ទាយ