ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី បានសំណូមពរឱ្យមន្ត្រី ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោយត្រូវសម្រួលឥរិយាបទទាំងកាយវិកា និងពាក្យសម្ដី ដោយធ្វើយ៉ាងឱ្យពួកគាត់មានភាពកក់ក្ដៅ ព្រោះពេលខ្លះពួកគាត់មិនបានដឹងពីបែបបទនៃការធ្វើការរបស់មន្ត្រីយើងឡើយ ។
លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ញាបត្ររងជំនាញសុរិយោដី និងរៀបចំដែនដី ដល់សិក្ខាកាមនៃសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ១១៦រូប នៅទីស្ដីការក្រសួងនៅរសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៧។
លោក ឃិន ឡុងហេង នាយកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្កើតឡើងនៅឆ្នាំ២០១១ ដោយគិតពីពេលចាប់ផ្ដើម សាលាបានបណ្ដុះបណ្ដាលសិក្ខាកាមសរុបចំនួន ៣២៩រូប ស្រី ៣១រូប ក្នុងនោះ ជំនាញសុរិយោដី ចំនួន ២៧៣រូប ស្រី២៩រូប និងជំនាញរៀបចំដែនដី ចំនួន ៥៦រូប ស្រី ០២រូប។
ក្នុងឱកាសនោះ លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានសម្ដែងនូវការអបអរសាទរដល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ នៅក្នុងវគ្គបណ្ដុះបណ្ដាល បរិញ្ញាបត្ររងជំនាញសុរិយោដី និងរៀបចំដែនដី និងបានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង ដែលបានឆ្លៀតឱកាសពីការងារនាំយកបទពិសោធន៍ដែលខ្លួនមានទៅបង្ហាត់បង្រៀនសិក្ខាកាមបន្ថែម រហូតទទួលបានលទ្ធផលជោគជ័យនាពេលនេះ។
ក្នុងឱកាសនោះដែរ លោក ទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យសិក្ខាកាមទាំងអស់ត្រូវ ៖១). ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោយត្រូវសម្រួលឥរិយាបទទាំងកាយវិកា និងពាក្យសម្ដី ដោយធ្វើយ៉ាងឱ្យពួកគាត់មានភាពកក់ក្ដៅ និងចងចាំជានិច្ចចំពោះទង្វើល្អរបស់មន្ត្រីយើង ដែលបានផ្ដល់ជូនគាត់ ព្រមទាំងផ្ដល់នូវទំនុកចិត្ត និងភាពជឿជាក់របស់ពួកគាត់មកលើក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រោះពេលខ្លះពួកគាត់មិនបានដឹងពីបែបបទនៃការធ្វើការរបស់មន្ត្រីយើងឡើយ ដូចច្នេះត្រូវធ្វើយ៉ាងផ្ដល់ជូនពួកគាត់ឱ្យបាន ឱ្យលឿន និងមានតម្លាភាព ជាពិសេសត្រូវអត់ធ្មត់ជានិច្ច។ ២). ជួយតាមដានផែនការដែលក្រសួងបានដាក់ចុះទាំង ១៩ចំណុច នៅថ្ងៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងកាលពីថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ដោយចូលរួមចំណែកជាមួយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ទៅតាមជំនាញរបស់ខ្លួនដែលបានសិក្សាបញ្ចប់នានេះ។ ៣). បង្កើនសាមគ្គីភាពផ្ទៃក្នុង ជាពិសេសពេលមានបញ្ហាអ្វីមួយកើតឡើង ត្រូវប្រជុំពិភាក្សា និងរួមគ្នារកដំណោះស្រាយ និង ៤). ខិតខំជួយពូនជ្រុំ ដើម្បីគាំទ្រគោលនយោបាយរបសរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិយើង ជាពិសេសគោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើងនៅនីតិកាលទី៦ ឱ្យរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសនោះលោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានចែកវិញ្ញាបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំង ១១៦រូប និងឧបត្ថម្ភថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់សិក្ខាកាមផងដែរ៕ ដោយ៖បញ្ញាស័ក្តិ