Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​ទូក​ទេសចរណ៍ ប្តេជ្ញា​ពង្រឹងគុណភាព​សេវា​ដឹកជញ្ជូន និង​សុវត្ថិភាព​ជូន​ភ្ញៀវ​

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​សមាគម​ទូក​ដឹក​ភ្ញៀវទេសចរ ជួបប្រជុំ​រិះរក​វិធី​បង្កើន​គុណភាព​សេវា​ដឹកជញ្ជូ​ន​ប្រកបដោយ​គុណភាព និង​មាន​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ អោយ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ពិធី​នេះ​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​៩ ខែ​មករា ឆ្នាំ​២០១៨ នា​ចំណត​ផែ​ទូក​ឬ​កប៉ាល់​ឆ្នេរ​អូរ​ឈើទាល​។​

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ សមាគម​ទូក​ទេសចរណ៍ ខេត្ត​ព្រះសីហនុ ក្រោម​កិច្ច​គាំទ្រ​ពី រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​រៀបចំ​កិច្ចប្រជុំ​ការងារ​ជាមួយ​ប្រតិបត្តិ​ករ​ទូក​ដឹក​ទេសចរណ៍​ទាំងអស់​នា​ខេត្ត​ព្រះសីហនុ​។​

​នា​ឱកាស​នោះ លោកស្រី គួច ចន្ថា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង លោក​ឧកញ៉ា​ទៀ វិចិត្រ ប្រធាន​សមាគម​ទូក​ទេសចរណ៍​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ពង្រឹង​គុណភាព ប្រសិទ្ធិភាព នៃ​ការធ្វើ​អាជីវកម្ម​សេវា​ដឹក​ភ្ញៀវ របស់​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ អោយ​ប្រព្រឹត្តិ​ទៅ​ស្រប​តាម​នីតិវិធី​ច្បាប់ និង​មាន​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ជិះទូក ឬ​អូរ​បរ័​ល្បឿន​លឿន ចេញ​ចូល​ពី​ដីគោក​ក្រុងព្រះសីហនុ ឆ្ពោះទៅ​កាន់​ដី​កោះ ឬ​ពី​ដី​កោះ មកកាន់​ដីគោក​ក្រុងព្រះសីហនុ​វិញ​។

លោក​ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា រាល់ថ្ងៃនេះ មាន​ភ្ញៀវទេសចរ​ជាតិ និង​ទេសចរ​បរទេស បាន​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​គឺ​បាន​កើនឡើង​គួរ​អោយ​កត់សម្គាល់ ជាពិសេស​ចាប់​ចុងឆ្នាំ​២០១៧ និង​ដើមឆ្នាំ​២០១៨​នេះ កំណើន​ភ្ញៀវ​ទេសចរ បាន​កើន​ចំនួន​ជា​រៀងរាល់ថ្ងៃ​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ បន្តថា ការពង្រឹង​គុណភាព​សេវា​ជូន​ភ្ញៀវ ពិសេស​ការផ្តល់ជូន នូវ​សុវត្ថិភាព​ជូន​ភ្ញៀវ គឺជា​កត្តា​ចម្បង និង​សំខាន់​បំផុត សម្រាប់​ប្រតិបត្តិ​ករ​ទេសចរ​បំរើសេវា​ដឹកជញ្ជូន​នៅតាម​ក្រុមហ៊ុន​នីមួយៗ ដែល​ត្រូវ​ពង្រឹង និង​បង្កើន​សេវា​បំរើ​អោយ​បាន​ទូលំទូលាយ​នា​ថ្ងៃ​អនាគត​៕ ដែន សីមា​

×