Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំឡូង​មី​កម្ពុជា អាចមាន​លទ្ធភាព​ផលិត​បាន​ប្រមាណ ១៤​លាន​តោន ក្នុង​មួយ​ឆ្នាំ​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​បញ្ជាក់​ប្រាប់​សាស្ត្រាចារ្យ មកពី​សហរដ្ឋអាមេរិក​ថា កម្ពុជា​មាន​សក្តានុពល ក្នុងការ​ដាំ​ដុះ​ដំណាំ​កសិកម្ម ក្នុងនោះ​ដំឡូង​មី មាន​សក្តានុពល​ក្នុង​ចំណោម​ផលិតផល​សំខាន់ៗ​នៅ​កម្ពុជា ដែល​បាន​ដាំ​ដុះ​ដំណាំ​ដំឡូង​មី​លើ​ផ្ទៃដី​ប្រមាណ ៦៧០.០០០ ហិកតា អាចមាន​លទ្ធភាព​ផលិត​បាន​ប្រមាណ ១៤​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។​

​នៅ​រសៀល ថ្ងៃ​ចន្ទ ៧​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប លោក​សាស្ត្រាចារ្យ W.Ronnie Coffman និង លោក​សាស្ត្រាចារ្យ Max. J. Pfeffer មក​ពី​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ជីវិត​និង​កសិកម្ម​នៃ​សកល​វិទ្យាល័យ Cornell សហរដ្ឋ​អា​មេ​រិច ដើម្បី​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​ស្រាវ ជ្រាវ​ដំឡូង​មី ដែល​មាន​ឈ្មោះ​គម្រោង​ពូជ​ដំឡូង​មី​ជំនាន់​ក្រោយ​ក្នុង​គោលបំណង​បង្កើន​ល្បឿន​នៃ​ការកែលម្អ​ហ្សែ​ន​ក្នុងការ​បង្កាត់​ពូជ​ដំឡូង​មី និង​បង្ហាញ​ពី​សក្តានុពល​ដំឡូង​មី​។​

​ជា​កិច្ច​ចាប់ផ្តើម លោក​រដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍​ដល់​លោក​សាស្ត្រាចារ្យ​ទាំងពីរ​ដែល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជាពិសេស​មកកាន់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កម្ពុជា​មាន​សក្តានុពល​ក្នុងការ​ដាំ​ដុះ​ដំណាំ​កសិកម្ម ក្នុងនោះ​ដំឡូង​មី ជា​ផលិតផល​កសិកម្ម​មួយ​ដែល​មាន​សក្តានុពល​ក្នុងចំណោម​ផលិតផល​សំខាន់ៗ​នៅ​កម្ពុជា ហើយ​បច្ចុប្បន្ន​កម្ពុជា​បាន​ដាំ​ដុះ​ដំណាំ​ដំឡូង​មី​លើ​ផ្ទៃដី​ប្រមាណ ៦៧០ ០០០ ហិកតា អាចមាន​លទ្ធភាព​ផលិត​បាន​ប្រមាណ ១៤​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។ លោក​រដ្ឋមន្ត្រី បាន​បន្តថា​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ទស្សនៈវិស័យ​ក្នុង​ការជំរុញ​ការដាំដុះ​ផលិតផល​កសិកម្ម​ដែល​ជា​តម្រូវការ​ទីផ្សារ ដែល​មាន​លក្ខណៈ​អំណោយផល​ក្នុង​ការដាំដុះ មាន​ភាព​ធន់​ទៅនឹង​ជំងឺ​និង​ការប្រែប្រួល​អាកាសធាតុ មាន​ទិន្នផល​ខ្ពស់ និង​ចំណូល​ខ្ពស់​ដល់​កសិករ​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី បាន​គាំទ្រ​ទៅ​លើ​កិច្ច​សហការ​ក្នុង​គម្រោង​ស្រាវជ្រាវ​ពូជ​ដំឡូង​មី​ជំនាន់​ក្រោយនេះ និង​បាន​ចាត់​ឲ្យ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា តំណាង​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​អគ្គនាយកដ្ឋាន​កសិកម្ម​ដើម្បី​បន្ត​ពិនិត្យ​និង​ពិភាក្សា​បន្ត​។​

​លោក​សាស្ត្រាចារ្យ Ronnie Coffman បានបញ្ជាក់​ថា គម្រោង​ពូជ​ដំឡូង​មី​ជំនាន់​ក្រោយ​នេះ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១២ នៅក្នុង​ទ្វីបអាហ្វ្រិក និង​ត្រូវបាន​ដឹកនាំ​ដោយ​កម្ម​វិធី​អន្តរជាតិ​នៅ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ជីវិត​និង​កសិកម្ម​នៃ​សកល​វិទ្យាល័យ Cornell ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​កសិកម្ម​ត្រូពិច និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​ជាតិ​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា​។ នា​ឱកាស​នេះ​ដែរ លោក​សាស្ត្រាចារ្យ Max. J. Pfeffer បាន​ជម្រាបជូន​ថា លោក​បាន​ធ្វើ​ការស្រាវជ្រាវ​នូវ​ប្រភេទ​ពូជ​ដំឡូង​មី​ជំនាន់​ថ្មី ដែល​មាន​ការ​ធន់​ទៅនឹង​ជំងឺ និង​មាន​ផលិតភាព​ខ្ពស់ ហើយ​លោក​បាន​ធ្វើ​ការដាំ​សាកល្បង​នៅក្នុង​ទ្វីប​អាហ្វ្រិក និង​អាមេរិក ដូច្នេះ​ដើម្បី​ឲ្យ​ការស្រាវជ្រាវ​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព លោក​មាន​បំណង​សហការ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​បណ្តា​អ្នកស្រាវជ្រាវ ដើម្បី​ធ្វើ​ការពិសោធន៍​សាកល្បង និង​ដើម្បី​ស្វែងយល់​ពី​ប្រភេទ​ពូជ​ផ្សេងៗ ព្រមទាំង​សិក្សា​ពី​បញ្ហា​ដែល​បាន​ជួបប្រទះ​លើ​ការដាំដុះ​ដំឡូង​មី​នៅ​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×