ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារមួយទាំងយប់ ដោយបានកោតសរសើរដល់ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៩ឆ្នាំ (U19) ដែលបានយកឈ្នះ ក្រុមកោះម៉ារីណាខាងជើង ក្នុងលទ្ធផល 9-0 និងបានឈានឡើងដល់លេខរៀងទី២ ក្នុងពូល G បណ្តោះអាសន្ន។
សម្តេចតេជោ ហ៊ុន សែន តាមរយៈផេកហ្វេសប៊ុកផ្លូវការ នាយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានខ្លឹមសារថា “សូមកោតសរសើរដល់ក្រុម បាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា (U19) បានឡើងទៅឈរនៅលេខរៀងទី២ ក្នុងពូល G បណ្តោះអាសន្នវិញ ក្រោយរកបាន៣ពិន្ទុដំបូងតាមរយៈការឈ្នះ គូប្រជែងក្រុម U19 កោះម៉ារីណាខាងជើងក្នុងលទ្ធផល០-៩ (NMI 0-9 CAM) នៅពហុកីឡដ្ឋានជាតិ នារាត្រីថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ”។
សម្តេចតេជោ បានថ្លែង “អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗ ដែលបានចូលរួមទស្សនាផ្ទាល់ នៅពហុកីឡដ្ឋាន តាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត”។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា (U19) បានឡើងទៅឈរនៅលេខរៀងទី២ ក្នុងពូល G បណ្តោះអាសន្នវិញ ក្រោយរកបាន ៣ពិន្ទុដំបូង តាមរយៈបំបាក់គូប្រជែងក្រុម U19 កោះម៉ារីណាខាងជើងក្នុងលទ្ធផល ៩-០ នៅពហុកីឡដ្ឋានជាតិនារាត្រីថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ដែលមានអ្នកចូលទស្សនាផ្ទាល់ប្រមាណ ៣៤៣១នាក់។
កម្ពុជា ដែលបានចាញ់ក្រុម U19 ម៉ាឡេស៊ី ៥-៤ នៅថ្ងៃបើកឆាកនោះ បានសម្រុកទៅលើក្រុមភ្ញៀវកោះម៉ារីណាយ៉ាងខ្លាំង រហូតដល់រកបាន ៨គ្រាប់ជាបន្តបន្ទាប់ របស់កីឡាករ ធី លៀង ២គ្រាប់, លី ម៉ាឯល ១គ្រាប់, ចាន់ សារ៉ាពេជ្រ ១គ្រាប់ និង លឹម ពិសុទ្ធ ២គ្រាប់ និង សៀង ចន្ធា ធ្វើបានហែតទ្រីក (៣គ្រាប់) ក្រោយប្តូរចូលនៅវគ្គទី២។
២ប្រកួតរបស់កម្ពុជា ដែលស៊ុតបញ្ចូលទីគូប្រកួតបាន ១៣គ្រាប់ និងរបូតវិញ ៥គ្រាប់នៅសល់ចំណេញគ្រាប់ចំនួន ៨គ្រាប់ ចាញ់ក្រុមកំពូលតារាង U19 ថៃ ដែលមាន ៩គ្រាប់ ក្រោយបំបាក់ U19 ប្រ៊ុយណេ ៩-០ ក្នុងនាមជាក្រុមមាន ៣ពិន្ទុដូចគ្នា ស្មើនឹង U19 ម៉ាឡេស៊ីដែលឈរនៅលេខ៣ ទើបលេងបាន ១ប្រកួត។
១ប្រកួតទៀត របស់ក្រុមកម្ពុជា ត្រូវប៉ះក្រុមខ្លាំង U19 ថៃ នាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពេលកោះម៉ារីណា ត្រូវប៉ះម៉ាឡេស៊ី នាម៉ោង ៣និង៣០នាទីរសៀលថ្ងៃដដែល៕ដោយ៖បញ្ញាស័ក្តិ