ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួត លោក Koji GyotoKu គ្រូបង្គោល U19 កម្ពុជា និយាយថា អ្វីដែលសំខាន់ គឺការប្រកួតបន្ទាប់ចំនួន២ប្រកួតទៀត ដែលលោកប្តេជ្ញាចិត្តថានឹងត្រូវតែខិតខំឲ្យអស់ពីលទ្ធភាព។ “មានរឿង ២យ៉ាង សម្រាប់ការប្រកួតថ្ងៃនេះគឺ ទីមួយយើងឈ្នះការប្រកួតថ្ងៃនេះ ហើយរឿងមួយទៀតគឺយើងធ្វើមិនសូវបានល្អជាមួយបច្ចេកទេសនោះទេ ហើយយើងត្រូវត្រៀមខ្លួនបន្ថែមទៀត សម្រាប់ការប្រកួតបន្ទាប់ជាមួយក្រុមយុវជនថៃ។ ហេតុអ្វីបានជាយើងផ្លាស់ប្ដូរកីឡាករស្ទើរតែទាំងអស់នោះ? គឺដោយសារតែយើងចង់ឲ្យកីឡាករសម្រាកខ្លះ។ ខ្ញុំចង់ផ្តល់ឱកាសឱ្យពួកគេទាំងអស់គ្នាបានបង្ហាញសមត្ថភាពនៅលើទីលាន”។
លោកបន្ថែមថា ការប្រកួតចុងក្រោយជាមួយថៃក្នុងពានរង្វាន់ AFF U18 Championship 2019 នៅប្រទេសវៀតណាម កន្លងទៅ យើងបានយកឈ្នះថៃ ប៉ុន្តែយើងមិនអាចរំពឹងខ្ពស់ពេកទេ សម្រាប់ការប្រកួតជាមួយថៃ នៅការប្រកួតបន្ទាប់នេះ ព្រោះយើងឃើញថា ថៃមានទម្រង់លេងល្អជាងលើកមុន។
ចំណែក គ្រូបង្វឹកក្រុមកោះម៉ារីណាខាងជើង លោក Michiteru Mita និយាយថា លោកសូមអបអរសាទរដល់ក្រុមកម្ពុជា សម្រាប់ជ័យជម្នះនៅថ្ងៃនេះ។
លោក Michiteru Mita បានថ្លែងថាថ “ខ្ញុំគិតថា កម្ពុជាអាចឡើងទៅវគ្គបន្ត។ នៅតង់ទី១ យើងរបូតគ្រាប់បាល់ចំនួន ៦គ្រាប់ ដោយសារកម្ពុជាលេងបានយ៉ាងល្អ នៅក្នុងដីថែមទាំងមានអ្នកគាំទ្រដ៏អស្ចារ្យ។ វាជាការប្រកួតដ៏លំបាកមួយសម្រាប់យើង ប៉ុន្តែយើងមានមោទនភាពចំពោះកីឡាកររបស់យើង ដែលបានព្យាយាមយ៉ាងខ្លាំង សម្រាប់ការប្រកួតនេះ”។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជាបានយកឈ្នះក្រុមភ្ញៀវ U19 ក្រុមកោះម៉ារីណាខាងជើង (NORTHERN MARIANA ISLANDS) ដោយលទ្ធផល ៩-០ នៅក្នុងជំនួបទី២ យប់ថ្ងៃទី ៤វិច្ឆិកា នៅកីឡដ្ឋានជាតិ វគ្គសន្សំពិន្ទុក្នុលG នៃពានរង្វាន់អាយុក្រោម១៩ឆ្នាំប្រចាំទ្វីបអាស៊ី AFC U19 Championship 2020។
ក្រុមម្ចាស់ផ្ទះយុវជនកម្ពុជារកបាន៣ពិន្ទុដំបូង ក្នុងពូលG ដោយវគ្គទី១ កម្ពុជាបានបើកការនាំមុខ ៦-០ ហើយនៅវគ្គទី២ ធ្វើសម្រេចបាន៣គ្រាប់បន្ថែម។ កាលពីប្រកួតទី១ ក្រុមយុវជនកម្ពុជាប្រកួតចាញ់ក្រុមភ្ញៀវ U19 ម៉ាឡេស៊ី ៤-៥ កាលពីថ្ងៃទី២ វិច្ឆិកា។ ដោយឡែក១ប្រកួតទៀត នៅថ្ងៃនេះដែរ គឺក្រុម U19 ថៃ ក៏បានយកឈ្នះ ក្រុមU19 ប្រ៊ុយណេ ៩-០ ដូចគ្នាដែរ៕ដោយ៖បញ្ញាស័ក្តិ