កំពង់ស្ពឺ៖ មន្ត្រីយោធាចំនួន៤នាក់នៅកងអង្គរក្ស បានរងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាកវីហ្គោ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-2-8916 បានបើកក្រឡាប់ដោយខ្លួនឯងបន្ទាប់បើកវ៉ាជែងគេក្នុងស្ថានភាពគ្រោះថ្នាក់។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅផ្លូវលេខ៤១ គីឡូម៉ែត្រលេខ17-18 ភូមិខ្លែពណ៌ខាង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះដែលជាមន្ត្រីអង្គរក្សចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាលរួមមាន៖ ទី១-ឈ្មោះ ផាន់ មករា របួសធ្ងន់ អាយុ៣០ឆ្នាំ, ទី២-ឈ្មោះ ផាន់ សទីន អាយុ២៨ឆ្នាំ របួសធ្ងន់, ទី៣-ឈ្មោះ ឆែម ឆៃយ៉ា អាយុ២៨ឆ្នាំ របួសស្រាល និងទី៤-ឈ្មោះ នាង លីហ្សា អាយុ២៨ឆ្នាំ រងរបួសស្រាល នៅអង្គភាពជាមួយគ្នា។ ជនរងគ្រោះទាំង៤នាក់ បានធ្វើដំណើរ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តម៉ាកវ៉យវ៉ូ បើកដោយឈ្មោះ ផល រុំ អាយុ៥០ឆ្នាំ រស់នៅភូមិដីកំពត ឃុំដីកំពត ខេត្តព្រៃវែង ស្រាប់តែបណ្ដាលឲ្យរថយន្តរបស់ជនរងគ្រោះ ក្រឡាប់ខ្លួនឯង រងរបួសទាំង៤នាក់តែម្តង៕ ដោយ៖បញ្ញាស័ក្តិ