Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ៖ ចាប់ខ្លួនប៉ូលិសស័ក្តិ៤ ដែលលើកជើងធាក់ មន្ដ្រីចរាចរណ៍ និងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃ១០មករា ដោយគ្មានការលើកលែងឡើយ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់នៅយប់ថ្ងៃទី៩ ខែមករា​ ឆ្នាំ២០១៨នេះថា មន្ដ្រីនគរបាលពាក់ស័ក្តិ៤ ដែលលើកជើងធាក់ មន្ដ្រីចរាចរណ៍ ជាប់កិច្ចសន្យា របស់សាលារាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន តាំងពីវេលាម៉ោងជាង៩ព្រឹកថ្ងៃដដែល មកម្ល៉េះ។

មន្ដ្រីនគរបាលដែលចាប់ខ្លួន ឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ដែលបម្រើការងារ នៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋាន ប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ជននេះ ប្រើអំពើហិង្សា លើមន្ត្រីជាប់កិច្ចសន្យា ផ្នែកប៉ូលិសចរាចរណ៍ ត្រូវបានបង្ហោះចែកចាយ ជាបន្តបន្ទាប់ ហើយករណីធាក់ប៉ូលិសចរាចរណ៍នេះ កើតឡើងនៅស្តុបត្រឡោក​បែក លោកប៉ូលិសស័ក្តិ​៤ ជិះឡានម៉ាកហ្វត ភ្នំពេញ 2AZ-9099 ។ មន្ដ្រីនគរបាលជាប់កិច្ចសន្យា ដែលរងការធាក់មួយជើង ចំកណ្ដាលដើមទ្រូងនោះ ឈ្មោះ អឿន ចំណាន។

នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា សម្រាប់មន្ដ្រីនគរបាល ដែលប្រើអំពើហិង្សារូបនេះ នឹងត្រូវបញ្ជូន ទៅកាន់តុលាការ ដើម្បីវិនិច្ឆ័យទោស នៅថ្ងៃស្អែក។ នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់យ៉ាងដូច្នេះថា សម្រាប់ករណីនេះ យោងតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់ របស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន គឺដាច់ខាត ចាត់វិធានការណ៍ តាមផ្លូវច្បាប់ គ្មានការលើកលែងនោះឡើយ ហើយនឹងបញ្ជូន ទៅកាន់តុលាការ នៅថ្ងៃស្អែក។

នាយឧត្តមសេនីយ៍បានបន្ថែមថា​ បន្ទាប់ពីវីដេអូ នៃការប្រើអំពើហិង្សា ទៅលើមន្ដ្រីចរាចរណ៍ ជាប់កិច្ចសន្យា រួចមក លោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវហើយ ឈានទៅដល់ការឃាត់ខ្លួន ។ មន្ដ្រីចរាចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីប្រើអំពើហិង្សា ពីសំណាក់នគរបាល ពាក់ស័ក្តិ៤រូបនេះ បានកើតឡើង នៅស្ដុបត្រឡោកបែក ដោយនគរបាលរូបនេះ បានបើករថយន្ដម៉ាក Ford ពាក់ស្លាកលេខ ភ្នំពេញ ​2AC-9099 ប៉ុន្ដែដោយខុសច្បាប់ចរាចរណ៍ ក៏ត្រូវបានក្រុមមន្ដ្រីជាប់កិច្ចសន្យានោះ ឃាត់​​ដើម្បីសួរនាំ។ ប៉ុន្ដែការអនុវត្តច្បាប់បែបនេះ ធ្វើឲ្យនគរបាលនោះខឹង រហូតចុះពីលើរថយន្ដ ទាញកអាវអូស ថែមទាំងធាក់ចំដើមទ្រូង មួយជើង ផ្ងារទៅក្រោយ បើទោះបី ជនរងគ្រោះ បានលត់ជង្គង់ និងលើកដៃ គោរព ក្នុងន័យបង្ហាញថា សុំទោសក៏ដោយ។

សូមបញ្ជាក់ថា វីដេអូមួយ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចែកចាយបន្ដគ្នា យ៉ាងពេញទឹកពេញដី ដោយមានមន្ដ្រីនគរបាលម្នាក់ ក្នុងឯកសណ្ឋានពាក់ស័ក្តិ៤ បានប្រើហិង្សា ទៅលើមន្ដ្រីជាប់កិច្ចសន្យា (មន្ដ្រីចរាចរណ៍ នៃសាលារាជធានីភ្នំពេញ) ដោយលើកជើងធាក់ ចំកណ្ដាលទ្រូង បណ្ដាលឲ្យផ្ងារក្រោយ ខណៈដែលមន្ដ្រីកិច្ចសន្យានោះ​កំពុងតែលត់ជង្គង់ និងលើកដៃគោរព ទៅលើមន្រ្តី នគរបាលបង្ករូបនោះ។

នាយនគរបាលពាក់ស័ក្តិ៤មួយរូប បានប្រើហឹង្សា លើមន្រ្តីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា ដ៏ឃោរឃៅ ជាមួយនឹងរន្ទះជើងចំកណ្ដាលដើមទ្រូង ក្រោមក្រសែក្នែក មជ្ឈដ្ឋានមហាជន ដ៏ច្រើនកុះករ គេមានជំនឿថា នាយប៉ូលីសម្នាក់នេះ អាចប្រឈមនឹងការផ្តន្តាតាមផ្លូវតុលាការ ខណៈខ្លួនជាអ្នកអនុវត្តច្បាប់ ប្រើហឹង្សា លើកសមត្ថកិច្ចផ្នែកចរាចរណ៍ គ្រាន់តែរឿងរាវបន្តិចបន្ទួច ខ្លួនចតរថយន្តលើផ្លូវសាធារណៈ បង្កកកស្ទះចរាចរណ៍ ហើយជនរងគ្រោះ សំណូមពរ ឲ្យយករថយន្តចេញ ក៏កើតហឹង្សាឃោរឃៅនេះ ។

សកម្មភាពនគរបាលស័ក្តិ៤ វាយមន្រ្តីនគរបាលចរាចរណ៍ ក្នុងបទល្មើសជាក់ស្តែងនេះ មិនត្រឹមមជ្ឈដ្ឋានមហាជន នៅម្តុំស្តុបត្រឡោកបែក រវាងព្រំប្រទល់ទឹកដី ខណ្ឌសែនសុខ និងខណ្ឌទួលគោក បានឃើញផ្ទាល់ភ្នែកប៉ុណ្ណោះទេ ទង្វើដ៏អសីលធម៌ ហឹង្សាទាំងកំរោលបែបនេះ ក៏ត្រូវបានអ្នកនិយមលេងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក បានផ្តិតយករូបភាពនេះ បង្ហោះ រំលែកទៅកាន់មនុស្សរាប់ពាន់មឺនសែននាក់ ជាមួយនិងការរិះគន់ ដោយសម្តីធ្ងន់ៗ នឹងសំណូមពរ ឲ្យថ្នាក់លើ គួរចាត់ការតាមផ្លូវច្បាប់ ដើម្បីផ្តល់ភាពយុត្តិធម៌ ជូនដល់ជនរងគ្រោះ ដែលខិតខំបំពេញភារកិច្ច តួនាទី ទាំងហាលវាល ហាលក្តៅ ដីហ៊ុយ ដើម្បីសម្រួលចរាចរណ៍ ជូនអ្នកដំណើរ និងយានជំនិះគ្រប់ប្រភេទ តាមបទបញ្ជាសាមីអង្គភាព នឹងចូលរួមអនុវត្តន៍ ពង្រឹងច្បាប់ចរាចរណ៍ តាមអនុសាសន៍សម្តេចតេជោ៕ដោយ៖បញ្ញាស័ក្តិ

×