ភ្នំពេញ៖ សាលាឧទ្ធរណ៍បានចេញដីកាសម្រេចដោះលែង លោក ថោង សារ៉ាត់ និងបក្ខពួកចំនួន៣នាក់ទៀត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន លើកលែងតែឈ្មោះ សៀង វាសនា ដែលជាជនដៃដល់បន្តស្ថិតនៅក្នុងឃុំ ហើយតុលាការ ជនជាប់ចោទ មិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមផ្លាស់ប្តូរលំនៅដ្ឋាន ដោយមិនមានការអនុញ្ញាតពីតុលាការ។
បើតាមការប្រកាសរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សូមជម្រាបជូនដល់សាធារណជនបានជ្រាបថាៈ ក្រុមប្រឹក្សាជំនុំជម្រះ បានជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៣ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩
អស់រយៈពេល ៥លើក ដែលមានជនជាប់ចោទឈ្មោះ ១- ថោង សារ៉ាត់ ២- សៀង វាសនា ៣- ហួយ ចាន់ថុល ៤- មាស សម្បត្តិ ហៅ ទូច និង ៥- ឈ្មោះ ឃុន ចិត្រា ដែលត្រូវបានជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា ២៨ , មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ អំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។
តាមរយៈសវនាការនេះ ក្រោយពីបានពិនិត្យសំណុំរឿង និងលទ្ធផលនៃការសួរតទល់នាពេលសវនាការ នឹងភស្តុតាង ក្រុមប្រឹក្សាជំនុំជម្រះយល់ថា មានភាពចាំបាច់ត្រូវធ្វើការអង្កេតបន្ថែមដើម្បីជាប្រយោជន៍យុត្តិធម៌ នៃសំណុំរឿង និងបានសម្រេចចាត់របៀបស៊ើបអង្កេត ហើយក្នុងអំឡុងពេលនៃកិច្ចស៊ើបអង្កេតនេះ មេធាវីការពារក្តីរបស់ជនជាប់ចោទ ៤រូប បានដាក់ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ន និងមានការបញ្ជាក់ពីមូលហេតុជាអំណះអំណាង ។
ការបើកការស៊ើបសួរបន្ថែម អាចត្រូវការរយៈពេលយូរបន្ថែមទៀត ដោយសារសំណុំរឿងនេះមានលក្ខណៈស្មុគស្មាញ ព្រមជាមួយគ្នានេះ កម្រិតនៃភស្តុតាងទាក់ទងនឹងជនជាប់ចោទ ដែលបានដាក់ពាក្យសុំនៅមានកម្រិត ហើយក្រុមប្រឹក្សាយល់ថា ការឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារពុំមានតម្រុយភស្តុតាងណាមួយ ដែលបញ្ជាក់ពីមូលហេតុចាំបាច់ នៃការឃុំខ្លួនបណ្តោះអាសន្នតាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌទេ។ ក្នុងចំណោមជនជាប់ចោទទាំង៤នាក់នេះ ក៏មានជនជាប់ចោទដែលមានសុខភាពទ្រុឌទ្រោម គប្បីមានភាពងាយស្រួលក្នុងការថែទាំព្យាបាល ដោយពេទ្យជំនាញឯកទេសផងដែរ ។
ការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ត្រូវបានជំនួសដោយការដាក់ឲ្យជនជាប់ចោទស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ តាមលក្ខខណ្ឌចំពោះជនជាប់ចោទឈ្មោះ ១- ថោង សារ៉ាត់ ២- ហួយ ចាន់ថុល ៣- មាស សម្បត្តិ ហៅ ទូច និង ៤- ឈ្មោះ ឃុន ចិត្រា ដូចខាងក្រោមៈ ១- ជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាតពី
តុលាការ ។ ២- ហាមផ្លាស់ប្តូរលំនៅដ្ឋាន ។ ៣- ត្រូវបង្ហាញខ្លួន នៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញ រៀងរាល់សប្តាហ៍ទី១ រៀងរាល់ខែ ។ ៤- ចូលបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចដែលចាត់តាំងដោយតុលាការ ។
ការសម្រេចរបស់សាលាឧទ្ធរណ៍បែបនេះ ដោយផ្អែកទៅលើមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញ មាត្រា ២០៣ មាត្រា ២០៥ មាត្រា ២២០ មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កក្រើករាជធានីភ្នំពេញ បានកើតឡើងកាលវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ា ចុះពីរថយន្ត ស៊េរីទំនើប ម៉ាកឡិចស៊ីស ៥៧០ ពណ៌ខ្មៅ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ដោយ៖កូឡាប