Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​និង​រាជរដ្ឋាភិបាល​សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​

​ភ្នំពេញ​៖ គណៈកម្មការ​ជំនាញ​រដ្ឋសភា នឹង​ផ្ញើ​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា ទៅ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ដើម្បី​ពិនិត្យ និង​សម្រេច​ដាក់បញ្ចូល​ក្នុង របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ធ្វើការ​ពិភាក្សា និង​អនុម័ត​នាពេលខាងមុខ សម្រាប់ឲ្យ​រាជរដ្ឋាភិបាល យកទៅ​អនុវត្ត​បម្រើ​ផលប្រយោជន៍ ប្រទេសជាតិ​។​

​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ជួបប្រជុំ​ជាមួយ តំណាង​រាជរដ្ឋាភិបាល​មក​ពី​ក្រសួង​ពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៨​នេះ ដើម្បី​ពិនិត្យ និង​សិក្សា​រួម​គ្នា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេវាកម្ម ក្រោម​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​។​

​សមាសភាព​ចូលរួម​កិច្ចប្រជុំ​នេះ ភាគី​រដ្ឋ​សភា​ដឹកនាំ​ដោយ លោកស្រី និន សា​ផុន ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក ឈាង វុន ប្រធាន​គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា ចំណែក​តំណាង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​។​

​លោក កឹម ស៊ីថន បាន​ជម្រាប​កិច្ចប្រជុំ​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា ត្រូវបាន​ផ្តល់​សច្ចាប័ន​តាម​ព្រះរាជក្រម​លេខ នស​/​រក​ម​/០២១១/០០៤ ចុះ​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១១​។ លោក បន្តថា រហូតមកដល់​ពេលនេះ មាន​ប្រទេស​៩ បាន​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​នេះ​។ លោក រដ្ឋលេខាធិការ​បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​នេះ មាន​សារសំខាន់​ណាស់ ក្នុង​ការជំរុញ​ដល់​ក្រសួង​ពាណិជ្ជកម្ម​បំពេញ​ការងារ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រសួង និង​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន គ្រឹះស្ថានឧត្តមសិក្សា អង្គការ និង គ្រប់​អង្គភាព​ការងារ​របស់​កម្ពុជា ដើម្បី​ធ្វើឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ថែមទៀត​នៅក្នុង​ទីផ្សារ​ពិភពលោក​។​

​នៅក្នុង​ឱកាស​នេះ លោក កឹម ស៊ីថន បាន​លើកឡើង​ផង​ដែរ​អំពី​សមិទ្ធផល​សំខាន់ៗ ដែល​ក្រសួង​ពាណិជ្ជកម្ម​សម្រេច​បាន នៅក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នេះ ដោយ​បាន​អនុវត្ត​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល តាមរយៈ​ការបង្កើន​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការអភិវឌ្ឍ​វិស័យ​ឯកជន ការផ្តល់សេវា​សាធារណៈឲ្យ​ជិត​ប្រជាពលរដ្ឋ និង​ការបង្កើន​ល្បឿន​នៃ​ការអភិវឌ្ឍ​លើ​វិស័យ​ពាណិជ្ជកម្ម​។ ជា​ពិសេស​ក្រសួង​ពាណិជ្ជកម្ម បាន​កំពុង​បន្ត ជំរុញ​ការកសាង​សេចក្តីព្រាងច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម ដែល​ជា​តម្រូវការ​របស់​ធុរជន និង​វិនិយោគិន​។​

“​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេវាកម្ម ក្រោម​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​។ គឺ​ច្បាប់​ថ្មី​មួយទៀត ដែល​កម្ពុជា​ត្រូវការ​ដើម្បី​ធានា និង​ជំរុញ ដល់​វិនិយោគ​របស់​បរទេស​នៅ​កម្ពុជា​។​” នេះ​ជា​ការគូសបញ្ជាក់​របស់​តំណាង​រាជរដ្ឋាភិបាល​។​

​បន្ទាប់ពី​បាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់​តាម​នីតិវិធី គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា បានសម្រេច​ឯកភាព​គ្នា​រក្សា​ខ្លឹមសារ​ដើម នៃ​សេចក្តីព្រាងច្បាប់ ទាំងស្រុង​។ លោកស្រី និន សា​ផុន បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​ជា​សេនា ធិកា​ររបស់​រាជរដ្ឋាភិបា​ល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ពាណិជ្ជកម្ម ដែល​កំពុង​លេចធ្លោ លើ​ឆាក​អន្តរជាតិ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×