ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរៃសៀលថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ លោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាឲ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវ និងតាមដានរកមុខសញ្ញា ក្រុមបើកល្បែងកាស៊ីណូតាមបណ្ដាញទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណិត ។
បន្ទាប់ពីបើកការស្រាវជ្រាវរួចមក កម្លាំងជំនាញ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំណត់មុខសញ្ញា និងទីតាំងជនសង្ស័យ ដោយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមដឹកនាំពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងកម្លាំងនគរបាលខណ្ឌច្បារអំពៅ កម្លាំងជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការចុះឃាត់ខ្លួន ជនសង្ស័យជាជនជាតិម៉ាឡេស៊ី ចំនួន០៤នាក់ ដែលជាអ្នកគ្រប់គ្រង និងអនុវត្តប្រតិបត្តិការ Casino Online ព្រមទាំងរឹបអូសបានសម្ភារៈសម្រាប់ផ្សព្វផ្សាយ ដែលមានកុំព្យូទ័រ និងទូរស័ព្ទជាច្រើនគ្រឿង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានរៀបចំកសាង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ផងដែរថា កន្លងមកប្រជាពលរដ្ឋដែល បានប្រើប្រាស់ទូរស័ព្ទចល័ត តែងតែទទួលបាននូវសារអូសទាញ ឲ្យលេងល្បែងភ្នាល់អនឡាញជាច្រើនប្រភេទ ដែលជាអំពើផ្ទុយនឹងច្បាប់ ។
លោកឧត្តមសេនីយ៍ឯក ជា ពៅ បានអំពាវនាវឲ្យបងប្អូនរាយការណ៍ មកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាជាបន្ទាន់ ប្រសិនបើបងប្អូនទទួលបាន នូវសារទស្សន៍ទាយ ដើម្បីចូលរួមលេងល្បែងភ្នាល់ផ្សេងៗ តាមបណ្ដាញទូរគមនាគមន៍ ឬបណ្ដាញសង្គម ដើម្បីជាមូលដ្ឋាន សម្រាប់នាយកដ្ឋាន ក្នុងការស្រាវជ្រាវ ដើម្បីបង្ក្រាបទាន់ពេលវេលា ៕ដោយ៖កូឡាប