ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ប្រចាំឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឈ្មោះលោក វ៉ាន់ ម៉ារិន ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសុំចូលរួមរស់ជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា និងសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បញ្ជាក់ថា ការស្នើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា របស់ លោក វ៉ាន់ ម៉ារិន មករួមរស់ជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ដែលស្រឡាញ់ទឹកដី ពិតប្រាកដ ដោយសារតែ សកម្មជនរូបនេះ មើលឃើញពីទង្វើក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកក្រុមឧទ្ទាមក្បត់ជាតិ ដែលធ្វើមិនល្អមកលើប្រទេសជាតិ របស់ខ្លួន ហើយបានឃោសនាបង្កចលាចលដោយគ្មានមូលដ្ឋានពិត ញុះញង់ឲ្យខ្មែរស្អប់ខ្មែរ ដើម្បីតែអំណាច របស់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ៕ដោយ៖ ដែន សីមា