កំពង់ស្ពឺ ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរប្រមាណ៥៥នាក់បានទទួលរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍រថយន្តដឹកម្មករមួយគ្រឿងដែលខ្លួន បានបើកវ៉ាងជែងគ្នា ក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឲ្យក្រឡាប់ដោយខ្លួនឯង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៥០នាទី នៅផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ នៅក្នុងភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកកម្មករមួយគ្រឿង ម៉ាក HYUNDAI PORTER ពណ៌ សពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4216 បើកបរដោយឈ្មោះ សុត ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាឡាក់ ឃុំក្សេមក្សាន្ត ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដឹកកម្មករចំនួន ៥៥នាក់ ប្រុស ២នាក់ លុះមកដល់ចំណុចខាងលើ បានវ៉ាប្រជែងរថយន្តមួយគ្រឿង ដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយបានក្រឡាប់គ្រោះថ្នាក់ដោយខ្លួនឯង នឹងបណ្តាលឲ្យរបួស ក្នុងនោះរបួសធ្ងន់៤នាក់ ប្រុសម្នាក់។
សមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះ ទៅជួយសង្គ្រោះ នៅមន្ទីរ និងបានយកមធ្យោបាយពាក់ព័ន្ធ មករក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ