ភ្នំពេញ៖ ឪពុកម្តាយ និងកូនតូច៣នាក់ ត្រូវរថយន្តបែនដឹកដីបិទស្លាកកងយោធពលខេមរភូមិន្ទមួយគ្រឿងបុករះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនាល្ងាច ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា នៅតាមបណ្តាយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្ដបង្កហេតុពាក់ស្លាកលេខខេមរភូមិន្ទ 3-3936 បានបុករះរថយន្ដចំនួន ៤គ្រឿង និងបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យជនរងគ្រោះ ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតទាំង៣នាក់ គឺជាឪពុក ម្តាយ និងកូន។ កូនប្រុសនោះ មានអាយុប្រហែលជា ៥ឆ្នាំ។ ប្រជាពលរដ្ឋពលរដ្ឋចោមរោមមើលហេតុការណ៍នៅកន្លែងកើតហេតុ បានកើតក្តីតក់ស្លុត និងរន្ធត់ជាខ្លាំងចំពោះគ្រោះថ្នាក់ចរាចរខាងលើនេះ។ មកដល់ពេលនេះអត្តសញ្ញាណជនរងគ្រោះគេនៅមិនទាន់បានដឹងនៅឡើយទេ ខណៈជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ដោយឡែកអ្នកបើកបររថយន្ដបង្ក ក៏ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ ឈ្មោះ យឹម ភារម្យ អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្នែងរមាំង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ និងកំពុងសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ៕ ដោយ៖បញ្ញាស័ក្តិ