សៀមរាប៖ សមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរា នឹងធ្វើការដឹកជញ្ជូនសត្វដំរីជាបណ្តើរៗ ចេញពីរមណីយដ្ឋានអង្គរ សំដៅទៅរកការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វ ដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្ត ក្នុងរមណីយដ្ឋានអង្គរនៅដើមឆ្នាំ២០២០។
នៅ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹង ស្តីពីការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ។
អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលសត្វដំរីបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើវិស័យទេសចរណ៍នៅរមណីយដ្ឋានអង្គរ។ សត្វដំរីទាំងនោះមិនត្រឹមតែផ្តល់នូវភាពទាក់ទាញដ៏អស្ចារ្យក្នុងការផ្តល់សេវាកម្មសម្បូរបែបក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនដល់ភ្ញៀវជាតិនិងអន្តរជាតិ ។
ក្នុងបរិបទថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាដើម្បីលើកកម្ពស់ជីវិតនៃការរស់នៅបែបធម្មជាតិរបស់សត្វដំរី សមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរានឹងធ្វើការដឹកជញ្ជូនសត្វដំរីជាបណ្តើរៗចេញពីរមណីយដ្ឋានអង្គរ សំដៅទៅរកការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វ ដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្តក្នុងរមណីយដ្ឋានអង្គរនៅដើមឆ្នាំ២០២០តទៅ។ ក្នុងន័យនេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សមាគមគ្រប់គ្រងសត្វដំរីនឹងធ្វើការដឹកជនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតក្នុងឃុំខ្នាពោធិ៍ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឲ្យសត្វដំរីរស់នៅតាមលក្ខណៈធម្មជាតិនិងក្រោមការមើលថែទាំរបស់សមាគមគ្រប់គ្រងសត្វដំរី។ ដោយឡែក សត្វដំរីដែលនៅសល់នឹងបន្តដឹកជញ្ជូនចេញពីរមណីយដ្ឋានអង្គរជាបន្តបន្ទាប់នាពេលក្រោយ។
អាស្រ័យហេតុនេះ សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕ដោយ៖កូឡាប