ភ្នំពេញ៖លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម «ច្បាប់ស្ដីពីការប្រកួតប្រជែង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការធ្វើពាណិជ្ជកម្ម ការលើកកម្ពស់ទីលានប្រកួតប្រជែងដោយស្មើភាព ការបង្កើតធុរកិច្ចថ្មីៗ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ស្របតាមការវិវត្តន៍បច្ចេកវិទ្យា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកាន់ និងបម្រែបម្រួលបរិយាកាសធុរកិច្ច»។
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកនៃសន្និសីទអាស៊ាន ស្តីពីការប្រកួតប្រជែងលើកទី៨ ក្រោមប្រធានបទ «ការឈានទៅរកគោលដៅ និងការដោះស្រាយបញ្ហាប្រឈម» ដែលត្រូវបានសហការរៀបចំដោយអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម លេខាធិការដ្ឋានអាស៊ាន និងអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង (GIZ)។ ចូលរួមជាអធិបតីក្នុងពិធីនោះដែរ រួមមាន លោក ម៉ៃឃើល ថេនេ (Michael Tene) អគ្គលេខាធិការរងអាស៊ាន លោក អ៊ីស្គែនឌ័រ អ៊ីស្ម៉ៃអ៊ែល (Iskandar Ismail) ប្រធានក្រុមជំនាញការកិច្ចការប្រកួតប្រជែងអាស៊ាន (AEGC) និងជានាយកប្រតិបត្តិនៃគណៈកម្មាធិការប្រកួតប្រជែងម៉ាឡេស៊ី និងលោក ហ្វ្រែង ទីប៊ីថាន់ហ្សល (Frank Tibitanzl) នាយកគម្រោង “COMPETE” អង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ។
នៅក្នុងសុន្ទរកថាបើកសន្និសីទ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនថា នៅក្នុងផែនការសកម្មភាពរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០០៧ (AEC Blueprint 2007) ប្រទេសសមាជិកអាស៊ានទាំងអស់បានប្ដេជ្ញាចិត្ត ក្នុងការរៀបចំឱ្យមានច្បាប់ប្រកួតប្រជែងរបស់ខ្លួន ហើយមកទល់ពេលនេះ មានតែកម្ពុជាប៉ុណ្ណោះដែលមិនទាន់មានច្បាប់ប្រកួតប្រជែងនៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រសួងពាណិជ្ជកម្មសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការប្រកួតប្រជែងនេះ នឹងត្រូវបានអនុម័តជាស្ថាពរនាដើមឆ្នាំ២០២០ ឱ្យស្របជាមួយនឹងបណ្តាប្រទេសជាសមាជិកអាស៊ានដ៏ទៃទៀត។ ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ក្រសួងពាណិជ្ជកម្មសម្រេចបានការអនុម័តពីរដ្ឋសភានិងព្រឹទ្ធសភា លើច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ហើយបើរួមជាមួយនឹងច្បាប់ស្តីពីការប្រកួតប្រជែង ដែលនឹងត្រូវអនុម័តនាពេលខាងមុខ ច្បាប់ទាំងនោះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការធ្វើពាណិជ្ជកម្ម ការលើកកម្ពស់ទីលានប្រកួតប្រជែងដោយស្មើភាព ការបង្កើតធុរកិច្ចថ្មីៗ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ស្របតាមការវិវត្តន៍បច្ចេកវិទ្យា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបម្រែបម្រួលបរិយាកាសធុរកិច្ច ដែលកំពុងកើនឡើងឥតឈប់ឈរ។ លើសពីនោះ ច្បាប់និងគោលនយោបាយប្រកួតប្រជែង ជាកត្តាសំខាន់មួយក្នុងការទាក់ទាញវិនិយោគិនបរទេសមកវិនិយោគក្នុងប្រទេស ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់នូវទំនិញនិងសេវា ដែលមានជម្រើសច្រើន គុណភាពខ្ពស់ និងតម្លៃទាបនោះទេ ប៉ុន្តែថែមទាំង បង្កើនផលិតភាពនិងការច្នៃប្រឌិត ដែលជាធាតុមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ទាក់ទងនឹងការអនុវត្តនាពេលអនាគត លោករដ្ឋមន្ត្រីយល់ឃើញបញ្ហាមួយចំនួនដែលទាមទាឱ្យមានការចែករំលែកបទពិសោធន៍ និងចំណេះដឹងរវាងស្ថាប័នប្រកួតប្រជែងថ្មី និងស្ថាប័នប្រកួតប្រជែងដែលមានស្រាប់ និងមានភាពចាស់ទំ។ បញ្ហាថ្មីៗទាំងនោះ គឺពាក់ព័ន្ធដល់ការប្រកួតប្រជែង ដែលអាចកើតមានឡើងក្នុងសេដ្ឋកិច្ចឌីជីថល ដោយសារការអភិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យានិងសេដ្ឋកិច្ចឌីជីថល ទម្រង់នៃការធ្វើធុរកិច្ចថ្មីៗត្រូវបានបង្កើតឡើង ដើម្បីប្រកួតប្រជែងគ្នារវាងក្រុមហ៊ុននៅក្នុងទីផ្សារ ដែលជាសញ្ញាណថ្មីដល់ស្ថាប័នអនុវត្តច្បាប់ប្រកួតប្រជែង ដើម្បីធានាថាមានការប្រកួតប្រជែងដោយស្មើភាព ទោះស្ថិតនៅក្នុងទម្រង់ប្រភេទណាក៏ដោយ ទាំងក្នុងទីផ្សារជាក់ស្តែង និងទីផ្សារអនឡាញ។ ក្នុងបរិបទនេះ ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ក្នុងការស៊ើបអង្កេត ដើម្បីស្វែងរកបទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែងរវាងស្ថាប័នប្រកួតប្រជែង គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលទាំងនោះផងដែរ ជាកម្មវត្ថុនៃសន្និសីទនេះ។
លោករដ្ឋមន្ត្រីបានបញ្ចប់ ដោយលើកទឹកចិត្តឱ្យស្ថាប័នប្រកួតប្រជែងទាំងអស់នៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងជួយគ្នាទៅវិញទៅមក ទាំងផ្នែកបច្ចេកទេស ចំណេះដឹង និងការចែករំលែកព័ត៌មាន ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនានា ដែលរារាំង រិតត្បិត និងបង្ខូចដល់ការប្រកួតប្រជែង ទាំងក្នុងប្រទេសនិងតំបន់ គឺថា «មានតែកិច្ចសហការ និងការជួយគ្នាទៅវិញទៅមក ទើបអាចសម្រេចបាននូវគោលដៅ ជម្នះបាននូវឧបសគ្គ ក៏ដូចជាបញ្ហាប្រឈមនានា សម្រាប់ការរីកចំរើនទាំងអស់គ្នា តាមរយៈការជំរុញបរិយាកាសប្រកួតប្រជែងផ្នែកធុរកិច្ចនៅក្នុងតំបន់»។
ក្នុងឱកាសនោះដែរ លោកម៉ៃឃើល ថេនេ អគ្គលេខាធិការរងអាស៊ាន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់លើការងារប្រកួតប្រជែង។ ក្នុងប្រធានបទនោះ លោកអគ្គលេខាធិការរង បានជម្រាបជូនអង្គសន្និសីទថា ការអនុវត្តគោលនយោបាយប្រកួតប្រជែងនឹងលើកកម្ពស់នវានុវត្តន៍ និងការចូលរួមនៃផលិតកម្មក្នុងតំបន់ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល ហើយដើម្បីសម្រេចបានគោលដៅទាំងនោះ ក្រុមការងារមួយហៅថា ក្រុមជំនាញការកិច្ចការប្រកួតប្រជែងអាស៊ាន (ASEAN Experts Group on Competition – AEGC) ត្រូវបានបង្កើតឡើង។ ជាមួយនោះដែរ ក្រុមការងារនេះ ក៏ទទួលខុសត្រូវលើការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រចំនួន ៤ ទៀតគឺ ការពង្រឹងបរិយាកាសច្បាប់ប្រកួតប្រជែងនៅអាស៊ាន ការអភិវឌ្ឍសមត្ថភាពស្ថាប័នប្រកួតប្រជែង កិច្ចសហប្រតិបត្តិការឆ្លងព្រំដែនរវាងស្ថាប័នប្រកួតប្រជែង និងការធ្វើសុខដុមនីយកម្មច្បាប់ប្រកួតប្រជែងនៅអាស៊ាន៕ដោយ៖កូឡាប