Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ព័ន្ធ​ធុរកិច្ច​ខេត្ត​ហ្វូ​ជៀន ១០០ ក្រុមហ៊ុន​មានបំណង​ពិនិត្យ​លើ​សក្ដានុពល​ដើម្បី​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ សម្ព័ន្ធ​ធុរកិច្ច​ខេត្ត​ហ្វូ​ជៀន ប្រទេស​ចិន មានបំណង​ពិនិត្យ​លើ​សក្ដានុពល​ដើម្បី​ធ្វើការ​វិនិយោគ មាន​ក្រុមហ៊ុន​ប្រមាណ ១០០ ក្រុមហ៊ុន ដែលមាន​ជំនាញ និង​បទពិសោធន៍​ចម្រុះ រួមមាន​ការផលិត​ឧបករណ៍​អេឡិចត្រូនិក កែច្នៃ​ដែកថែប សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ សេវា​ហិរញ្ញវត្ថុ ប្រព័ន្ធ​ទឹកស្អាត និង​ចម្រាញ់​ប្រេងឥន្ធនៈ​។

​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​សម្ព័ន្ធ​ធុរកិច្ច​ខេត្ត​ហ្វូ​ជៀន ប្រទេស​ចិន ដែល​បានមក​បំពេញ​ទស្សនកិច្ច​ស្វែងយល់​អំពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា​។ សម្ព័ន្ធ​ធុរកិច្ច​ខេត្ត​ហ្វូ​ជៀន​ត្រូវបាន​ដឹកនាំ​ដោយ លោក ហ៊ូ​ស៊ីន វូ (Huaxin Wu) ប្រធាន​ក្រុមហ៊ុន Eversun Holding Group Co. Ltd និង​ជា​សមាជិកសភា​ប្រជាជន​ខេត្ត​ហ្វូ​ជៀន និង​មាន​សហការី​មួយចំនួនទៀត​។​

​នៅក្នុង​ជំនួប​នេះ លោក ហ៊ូ​ស៊ីន វូ បាន​ជម្រាបជូន​ថា ការរីកចំរើន និង​កម្រិត​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ពិត​ជាមាន​ល្បឿន​មួយ​ដ៏​គួរឱ្យកត់សម្គាល់ និង​កោតសរសើរ​។ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្ព័ន្ធ​ធុរកិច្ច​របស់លោក គឺមាន​បំណង​ពិនិត្យ​លើ​សក្ដានុពល​ដើម្បី​ធ្វើការ​វិនិយោគ ដោយ​នៅក្នុង​សម្ព័ន្ធ​នេះ​គឺមាន​ក្រុមហ៊ុន​ប្រមាណ ១០០ ក្រុមហ៊ុន ដែលមាន​ជំនាញ និង​បទពិសោធន៍​ចម្រុះ រួមមាន​ការផលិត​ឧបករណ៍​អេឡិចត្រូនិក កែច្នៃ​ដែកថែប សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ សេវា​ហិរញ្ញវត្ថុ ប្រព័ន្ធ​ទឹកស្អាត និង​ចម្រាញ់​ប្រេងឥន្ធនៈ​។

​ជា​កិច្ច​ឆ្លើយតប លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ជម្រាបជូន​ថា ជំនាញ និង​បទពិសោធន៍​របស់​ក្រុមហ៊ុន ដូច​បានលើកឡើង​ដោយ លោក វូ ជាពិសេស​ការផលិត​ទឹកស្អាត ជាការ​ងារ​មួយ​ដែល​កំពុង​តែមាន​តម្រូវការ​ខ្ពស់​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ឯកឧត្តម​ក៏បាន​លើកទឹកចិត្ត​ឲ្យ​សម្ព័ន្ធ​ធុរកិច្ច​ខេត្ត​ហ្វូ​ជៀន ពិនិត្យ​លើ​ឱកាស​វិនិយោគ​លើ​ការផលិត​ទឹកស្អាត​នេះ​។ ម្យ៉ាងវិញទៀត កម្ពុជា​ក៏​កំពុងតែ​ឈានទៅរក​ការធ្វើ​ឧស្សាហូបនីយកម្ម ដូចនេះ​នឹងមាន​តម្រូវការ​ច្រើន​លើ​ការកែច្នៃ​ដែកថែប អេឡិចត្រូនិក និង​ថាមពល ។​ល​។

​លោក​រដ្ឋមន្ត្រី​ក៏បាន​លើកទឹកចិត្ត​ឲ្យ​សម្ព័ន្ធ​ធុរកិច្ច​ខេត្ត​ហ្វូ​ជៀន ពិនិត្យ​លទ្ធភាព​ចូលរួម​ក្នុងការ​កែច្នៃ​ផលិតផល​កសិកម្ម ដូចជា ស្វាយ ចេក មៀន ដំឡូង​មី កៅស៊ូ និង​កសិផល​ដទៃទៀត ដើម្បី​ធ្វើការ​នាំចេញ ដោយ​កសិផល​ទាំងនោះ ជា​កសិផល​ដែលមាន​ការផលិត​ច្រើន​នៅ​កម្ពុជា​។ ចំពោះ​ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​រូបវន្ត លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា ក្រុមហ៊ុន​ចិន​អាច​ស្វែងយល់​បន្ថែម​លើ​ការវិនិយោគ​ក្រោមរូបភាព​សម្បទាន ឬ​ការចាប់​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា ដើម្បី​ទាញយក​ផលប្រយោជន៍ និង​ហិរញ្ញប្បទាន​បន្ថែម​ពី​ក្របខណ្ឌ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​៕ ​ដោយ​៖​កូ​ឡាប​

×