ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងវិទ្យុអាស៊ីសេរី ដែលមានចេតនាផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងបំភាន់សាធារណជន អំពីរបាយការណ៍របស់គណៈកម្មការអឺរ៉ុប។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជាក់ថា អនុលោមតាមនីតិវិធី គណៈកម្មការអឺរ៉ុបបានបញ្ជូនមករាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវរបាយការណ៍បឋមរបស់ខ្លួន អំពីការវាយតម្លៃពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA” ដែលរាជរដ្ឋាភិបាលកម្ពុជានឹងត្រូវផ្តល់យោបល់ទៅ
លើរបាយការណ៍នេះក្នុងអំឡុងពេលមួយខែ។ ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងធ្វើការពិនិត្យរបាយការណ៍នេះទាំងមូល ហើយនឹងផ្តល់ការឆ្លើយតបសមស្របមួយតាមពេលវេលាកំណត់ ដែលនឹងឆ្លុះបញ្ចាំងពី
បច្ចុប្បន្នភាពនៃការវិវត្តថ្មីៗ នៅក្នុងវិស័យដែលជាការព្រួយបារម្ភរបស់គណៈកម្មការអឺរ៉ុប។ តាមការរំពឹងទុក
គណៈកម្មការអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចនៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ ថាតើនឹងត្រូវដកប្រព័ន្ធ
អនុគ្រោះពន្ធពាណិជ្ជកម្ម ឬយ៉ាងណា។
ដោយអនុលោមតាមការប្រតិបត្តិតាមផ្លូវការទូត និងលក្ខខណ្ឌនានារបស់គណៈកម្មការអឺរ៉ុបរបាយការណ៍នេះ ត្រូវបានចាត់ទុកជាឯកសារសម្ងាត់។ រាជរដ្ឋាភិបាលកម្ពុជាមានការសោកស្តាយ និងថ្កោលទោសចំពោះវិទ្យុអាស៊ីសេរី ដែលមានចេតនាផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងបំភាន់សាធារណជនអំពីរបាយការណ៍របស់គណៈកម្មការអឺរ៉ុប។ យោងទៅលើពាក្យពេចន៍ និងកថាខ័ណ្ឌ ដែលបានដកស្រង់យកមកផ្សព្វផ្សាយដោយយកចេញពីរបាយការណ៍នេះ មិនត្រឹមត្រូវតាមខ្លឹមសារដើមឡើយ។
ព័ត៌មានមិនពិតដូចនេះ បានបង្កើតនូវក្តីបារម្ភមិនគួរមានដែលពាក់ព័ន្ធដល់កម្មកររាប់ម៉ឺននាក់ធ្វើឱ្យសាធារណជនភាន់ច្រឡំ និងធ្វើឱ្យអាប់ឱនដល់កេរ្តិ៍ឈ្មោះមន្ត្រីរាជរដ្ឋាភិបាល ដែលវិទ្យុអាស៊ីសេរីអះអាងថាបានធ្វើឱ្យបែកធ្លាយឯកសារ។ ម្យ៉ាងវិញទៀត សកម្មភាពរបស់វិទ្យុអាស៊ីសេរីបញ្ជាក់យ៉ាងច្បាស់ថា វិទ្យុនេះមិនមែនជាប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តបាន ប៉ុន្តែគ្រាន់តែជាស្ថានីយ៍ឃោសនាមួយដែលបម្រើដល់ក្រុមនយោបាយមួយប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរី (RFA Khmer) ដែលបានផ្សាយព័ត៌មានលើផេកហ្វេសប៊ុក កាលពីថ្ងៃទី១៤វិច្ឆិកាថា របាយការណ៍វាយតម្លៃ ជោគវាសនាប្រព័ន្ធអនុគ្រោះពន្ធ ឬ EBA សម្រាប់កម្ពុជា ដែលសហភាពអឺរ៉ុបបញ្ជូនទៅចំពោះតែរដ្ឋាភិបាលកម្ពុជា គ្មានភាគីទីបីណាដឹងនោះ ឥឡូវនេះបានបែកធ្លាយហើយ។
តើរបាយការណ៍ដែលមកទល់នឹងពេលនេះ ត្រូវគេរក្សាជាសម្ងាត់នេះ មានខ្លឹមសារបែបណា?៕ ដោយ៖កូឡាប