ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឆ្នាំ២០១៧ មានទំហំទឹកប្រាក់ចំនួន ៥៥៧៧លានដុល្លារ ហើយក្នុងឆ្នាំ២០១៨ មានកើនឡើងរហូតដល់ ៦៦០០លានដុល្លារ ។ ចំពោះទំហំទឹកប្រាក់វិនិយោគនៅកម្ពុជា ក្នុងឆ្នាំ២០១៧ មានចំនួន ១៦០០លានដុល្លារ ហើយឆ្នាំ២០១៨ មានការកើនឡើងទ្វេដងរហូតដល់ ៣៥៩៤លានដុល្លារ។
នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោក ទូ ជាហោ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ខេត្តហ៊ូណាន។
ក្រោយបញ្ចប់ជំនួបរវាងលោក ប្រាក់ សុខុន និងលោក ទូ ជិនហោមកនោះ លោក កុយ គួង បានថ្លែងថា លោក ទូ ជិនហោ បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានទទួលស្វាគមន៍ ដោយភាពកក់ក្ដៅ ក្នុងដំណើរទស្សនកិច្ច របស់លោក មកកាន់កម្ពុជានាពេលនេះ ។ លោកមកកម្ពុជាពេលនេះ គឺនាំគណៈប្រតិភូជាច្រើន ក្នុងនោះមានក្រុមហ៊ុនធំៗ បានមកសិក្សា និងពិនិត្យពីសក្ដានុពលផ្នែកសេដ្ឋកិច្ច ដោយផ្ដោតសំខាន់វិស័យឧស្សាហកម្ម កសិកម្ម គ្រឿងយន្តឧស្សាហកម្ម និងកសិកម្ម ព្រមទាំងវិស័យផ្សេងៗជាច្រើនទៀត ហើយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងមានការរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង វិនិយោគរវាង វិនិយោគិនមកពីខេត្តហ៊ូណាន ប្រទេសចិន និងវិនិយោគិនកម្ពុជា ក្នុងទំហំទឹក ប្រាក់វិនិយោគប្រមាណ ១.៣០០លានដុល្លារ ។
បើតាមលោក កុយ គួង ៖ ខេត្តហ៊ូណាន ជាខេត្តភាគកណ្ដាល ប្រទេសចិន ដែលមានប្រជាជនប្រមាណ ៧៣លាននាក់ និងផលទុនសរុបក្នុងខេត្តនេះមានប្រមាណ ៥៥.០០០លានដុល្លារ ។ វិនិយោគិនខេត្តហ៊ូណាន បានមើលឃើញពីសក្ដានុពល នៅប្រទេសកម្ពុជាច្រើនណាស់ ហើយអ្វីដែលវិនិយោគិនទុកចិត្តខ្លាំងនោះ គឺកម្ពុជាមានស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ៕ដោយ៖បញ្ញាស័ក្តិ