ភ្នំពេញ ៖ រយៈពេល ១០ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៩ ៦១៦,៨៣ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៤០៤,២១ លានដុល្លារអាមេរិកកើនឡើង២៨,៣១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៃលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា ឆ្នាំ២០១៩ កាលពីថ្ងៃទី១៨វិច្ឆិកា ។
លោកប្រតិភូរាជរដ្ឋភិបាល បានបង្ហាញថា ក្នុងខែតុលាឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ
ប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Onlineរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៨៨៧,៦៤ ប៊ីលានរៀល(ប្រមាណជា ២២១,៩១ លានដុល្លារអាមេរិក) ស្មើនឹង ៩,៧០%នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែតុលា ឆ្នាំ២០១៨ឃើញថាកើនឡើងចំនួន១៥៦,១៩ ប៊ីលានរៀល (ប្រមាណជា ៣៩,៧៩ លានដុល្លារអាមេរិក) ស្មើនឹង ២១,៨៥%។
សម្រាប់រយៈពេល ១០ខែ ឆ្នាំ២០១៩ នេះ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់
គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៩ ៦១៦,៨៣ ប៊ីលានរៀល (ប្រមាណ ២ ៤០៤,២១ លានដុល្លារអាមេរិក) ស្មើនឹង
១០៥,០៦% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថា ចំណូលពន្ធ
-អាករសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០១៩ កើនឡើងចំនួន ២ ១២១,៩៩ប៊ីលានរៀល (ប្រមាណជា ៥៣០,៥០ លានដុល្លារអាមេរិក) ស្មើនឹង ២៨,៣១%។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា កំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ព្រោះការអនុវត្តដោយជោគជ័យនូវប្រព័ន្ធស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund) ដែលបច្ចុប្បន្នអ្នកជាប់ពន្ធ និងសហគ្រាស មានការយល់ដឹងច្រើន ក៏ដូចជាការខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ របស់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់។
លោកបានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយដោយប្រកាន់នូវ “ទម្លាប់ហ្មត់ចត់ លើកិច្ចការតូចតាច ទើបអាចមានឱកាសទទួលកិច្ចការធំបាន” ដែលនេះជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក គង់ វិបុល ក៏បានពាំនាំយកនូវការផ្តាំផ្ញើរបស់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋបមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្នុងនាមលោកផ្ទាល់ សូមវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះគឺជាជោគជ័យ និងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕ ដោយ៖កូឡាប