ភ្នំពេញ៖ នៅក្នុងការប្រកួតបើកឆាក ជើងឯកប៉េតង់ពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ឆ្នាំ២០១៩ នៅកម្ពុជា គឺក្រុមម្ចាស់ផ្ទះកីឡាការិនីកម្ពុជាបានយកឈ្នះក្រុមកីឡាការិនីនៃប្រទេស Latvia ដោយលទ្ធផលបច្ចេកទេស ១៣ទល់៣ពិន្ទុ លើវិញ្ញាសានារី៣នាក់ទល់នឹង៣នាក់។
លើវិញ្ញាសានារី៣នាក់ទល់៣នាក់នេះ គឺក្រុមកីឡាការិនីកម្ពុជា មាន៤នាក់ គឺកីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ អ៊ុន ស្រីយ៉ា និងកែវ សុវណ្ណា ដោយការប្រកួតចាប់ផ្តើមដំបូង គឺគូប្រកួតបើកការនាំមុខមុនលើក្រុមម្ចាស់ផ្ទះ ប៉ុន្តែនៅពេលគ្រូបង្វឹកផ្លាស់ប្តូរកីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាសជើង ឯកពិភពលោក៣សម័យកាលជាប់ៗឲ្យចូលជំនួស កែវ សុវណ្ណា ធ្វើឲ្យក្រុមកម្ពុជាវាយបកយកឈ្នះដាច់ពិន្ទុឆ្ងាយលើគូប្រកួតវិញ ១៣ទល់៣ពិន្ទុ។
នេះគឺជាការចាប់ផ្តើមដ៏ល្អមួយ ប៉ុន្តែដើម្បីឲ្យឈានដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមបានមេដាយមាស គឺត្រូវការឈ្នះការប្រកួតជាច្រើនទៀត។ ចំពោះក្រុមកីឡាការិនីកម្ពុជាផ្សេងទៀត ត្រូវជួបប្រកួតជាមួយ ក្រុមស្ត្រីទួរគី ស្របពេលដែលក្រុមយុវជនកម្ពុជាទី១ជួបក្រុមយុវជនអង់គ្លេស និងក្រុមយុវជនកម្ពុជាទី២ ជួបក្រុមយុវជនប្រទេស Latvia។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រទី១របស់ខ្លនេះចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដោយមានក្រុមយុវជន និងកីឡាការិនីមកពី៤៩ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងមេដាយ ដែលមានត្រឹមតែ៦វិញ្ញាសាប៉ុណ្ណោះ៕ដោយ៖បញ្ញាស័ក្តិ