ថ្មីៗនេះប៉ូលិសប្រេស៊ីល បានរកឃើញរូងក្រោមដីប្រវែង៥០៣ម៉ែត្រ នៅភាគខាងត្បូងរដ្ឋ Sao Paulo តភ្ជាប់ពីផ្ទះដែលក្រុមចោរប្លន់ជួលស្នាក់នៅទៅកាន់សាខាធានាគារប្រេស៊ីលមួយនៅជិតនោះ ។
រូងក្រោមដីប្រវែងជាង ៥០០ម៉ែត្រ ដែលក្រុមចោរប្លន់ជីកកកាយអស់ពេលជិត៤ខែ
រូបភាពនៅកន្លែងកើតហេតុបង្ហាញឲ្យឃើញថា ផ្លូវក្រោមដីនោះត្រូវបានទ្រដោយក្តារបន្ទះជាមួយបង្គោលដែក ហើយនៅខាងក្នុងឃើញមានឧបករណ៍បម្រើការជីកកាយ និងអំពូលភ្លើងដើម្បីបំភ្លឺ ។
គេហទំព័រ Globo បានដកស្រង់សម្តីរបស់ប៉ូលិសឲ្យដឹងថា ផ្លូវក្រោមដីនេះវាធំល្មមនឹងមនុស្សម្នាក់អាចឈរធ្វើការបាន ។
ក្រុមចោរប្លន់ត្រូវបានចាប់ខ្លួនពេលពួកជិតសម្រេចផែនការជីករូងផ្លូវក្រោមដី
ប៉ូលិសនៅបានទម្លាយប្រាប់ទៀតថា ក្រុមស៊ើបអង្កេតរបស់ខ្លួនបានចំណាយពេលជាង២ខែ ដើម្បីតាមដានឃ្លាំមើលក្រុមចោរនេះ ហើយក៏បានក្របួចជនល្មើសទាំងអស់ ក្រោយពេលដែលពួកវាជិតសម្រេចការជីករូងក្រោមដីនេះ ។
មួយសំណាញ់របស់ប៉ូលិសក្របួចបានក្រុមចោរប្លន់ទាំង១៦នាក់ ក្នុងនោះមានមួយចំនួនជាមេបក្សសង្គមងងឹត មុខសញ្ញាចោរប្លន់ទាំងអស់នេះត្រូវបានឃុំខ្លួននឹងសាកសួរយកចម្លើយ ។
អធិការប៉ូលិស Fábio Pinheiro Lopes ប្រាប់តាមព័ត៌មាន RT ថា ក្រុមចោរទាំងនេះ បានចំណាយពេលវេលា ៤ខែ ដើម្បីជីករូងផ្លូវក្រោមដីមានបណ្តោយជាង៥០០ម៉ែត្រ ។ ពួកវាបានចំណាយដើមទុន ៤លាន Real (Real រូបិយប័ណ្ណប្រេស៊ីល) ប្រមាណជាង៧លានដុល្លារ ដើម្បីត្រៀមលក្ខណៈសព្វបែបយ៉ាង ក្នុងគំរោងប្លន់ដ៏ធំមួយនេះ ។ សមាជិកម្នាក់ៗនៃក្រុមចោរប្លន់រួមភាគហ៊ុន ២សែន Real(ប្រេស៊ីល) ។
ហេតុផលដែលក្រុមចោរប្លន់ហ៊ានចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ព្រោះថា ប្រសិនបើគម្រោងប្លន់នេះបានសម្រេចពួកវានឹងទទួលបាន១ប៊ីលានរៀល(លុយប្រេស៊ីល) ប្រមាណ ១៨០លានដុល្លារឯណោះ ។
នេះពិតជាគម្រោងការប្លន់ ដ៏សាហាវហើយបើវាសម្រេចបាននោះករណីនេះជារឿងប្លន់ធនាគារធំបំផុតលើពិភពលោក ៕