(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសថា នៅឆ្នាំ២០២១ ខាងមុខនេះ ក្រសួងរៀបចំដែនដី នឹងចុះបញ្ជីក្បាលដី ៧លានក្បាលដី ជូនដល់ប្រជាពលរដ្ឋឱ្យអស់ ខណៈនៅឆ្នាំ២០១៩នេះ ក្រុមការងារបានចុះបញ្ជីក្បាលដី បាន ៨០.២២ភាគរយ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយវិវាទ និងមានភាពសុខុដុមនៃសង្គម។
លោកបន្តថា ក្រសួងបន្តគាំទ្រ និងអនុវត្តគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការធានានូវវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា។
បន្តអនុវត្តកាន់តែសកម្ម និងស៊ីជម្រៅនូវកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់លើវិស័យដីធ្លី។
បន្តអនុវត្តផែនការចុះបញ្ជីដីឱ្យបាន ៩៤ % នៅឆ្នាំ ២០២០ និងឈានទៅសម្រេច ១០០ % នៅឆ្នាំ២០២១ នៃក្បាលដីប៉ាន់ស្មានសរុបចំនួន ៧ លានក្បាលដី ដែលមកដល់បច្ចុប្បន្នសម្រេចបាន ៨០២២%ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយវិវាទ និងភាពសុខដុមនៃសង្គម។
បន្តចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចចំនួន១០សហគមន៍ក្នុងមួយឆ្នាំ ដែលមកដល់បច្ចុប្បន្ន
សម្រេចបានចំនួន ៣០ សហគមន៍ ស្មើនឹង ៨១៩ បណ្ណ ទំហំ ២៨៥២២,៥២ ហិកតា សម្រាប់៣ ០៣៣ ត្រសារ
។ កម្ពុជាឈរលំដាប់ថ្នាក់លេខ ១ នៅតំបន់អាស៊ី លើការងារចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច សំដៅរក្សាការពារវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ល្អរបស់ជនជាតិ។ ក្នុងការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ចំពោះបណ្ណកម្មសិទ្ធិដែលលទ្ធកម្មកម្មសិទ្ធិបានពីអំណោយឪពុក ម្តាយ ជីដូន ជីតា កូនបង្កើត បងប្អូនបង្កើត ដែលបានកកស្ទះប្រមាណ ៥៥ ០០០ បណ្ណ ដោយរង់ចាំការប្រថាប់ត្រាពន្ធសូន្យពីអង្គភាពពន្ធដារ ស្នើលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានី ខេត្ត ផ្តល់របាយការណ៍មកក្រសួង ដើម្បីបូកសរុបសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងចម្លងជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញមនអស់មុនដំណាច់ខែមករា ឆ្នាំ ២០២០។
នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងពិធីបិទសន្និបាតនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដើម្បីបូកសរុបលទ្ធផលការងាររបស់ខ្លួន នៅក្នុងឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងយ៉ាងដូច្នេះថា៖ «សូមឱ្យទាំងអស់គ្នា ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តពុះពារនៅក្នុងការចុះបញ្ជីដីធ្លី ដែលសព្វថ្ងៃនេះយើងធ្វើការបូកសរុបបាន៨០.២២ភាគរយ នៃការចុះបញ្ជីដីធ្លីនេះ គោលដៅដ៏ចម្បងនេះយើងត្រូវជំរុញ៩៤ភាគរយ នៅឆ្នាំ២០២០ ហើយត្រូវចប់នៅខែធ្នូ ពេលសន្និបាតឆ្នាំ២០២១ គឺត្រូវបញ្ចប់ការចុះបញ្ជីក្បាលដីជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលប៉ាន់ស្មានមានជាង៧លានក្បាលដី»។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា ការចុះបញ្ជីក្បាលជូនប្រជាពលរដ្ឋឱ្យអស់នៅឆ្នាំ២០២១ ខាងមុខនេះ គឺជាការងារដ៏សំខាន់បំផុត ដើម្បីឱ្យការគ្រប់គ្រងដីមានសុវត្ថិភាព មានបណ្ណសម្គាល់អចលវត្ថុជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ព្រមទាំងធ្វើឱ្យមានស្ថិរភាព ហើយបណ្ណនេះក្លាយទៅជាទុន ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំធ្វើការបែងចែកជូនដល់ប្រជាពលរដ្ឋ មាន៥ដំណាក់កាលកន្លងផុតទៅហើយ។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានលើកឡើងថា ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានផ្តល់បណ្ណកម្មសិទ្ធិ ទទួលស្គាល់សិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋបាន ៥ដំណាក់កាល ដូច្នេះការផ្តល់បណ្ណកម្មសិទ្ធិទាំង៥ដំណាក់កាល បានក្លាយជាទុនដែលរដ្ឋបានផ្តល់ជូនដល់ប្រជាពលរដ្ឋទាំងអស់។ ការផ្តល់ជូនប័ណ្ណកម្មសិទ្ធិលើដីធ្លីនេះហើយ បាននាំមកនូវសក្តានុពលលើផ្នែកសេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសារ និងអាចស្វែងរកដៃគូរអភិវឌ្ឍនានា មកធ្វើការអភិវឌ្ឍទៅលើដីធ្លីរបស់ពួកគាត់ជាដើម។ និយាយម្យ៉ាងទៀត វាបានក្លាយទៅជាការជំរុញអនុវត្តន៍ការដោះស្រាយវិវាទដីធ្លីផងដែរ។
«យើងនៅសល់ ២២០០ករណីទៀត នៅទូទាំងប្រទេស ដែលមិនទានបានដោះស្រាយបញ្ចប់តាមរយៈយន្តការទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី នៅពេលដែលសកម្មភាព នៃការចុះបញ្ជីដីធ្លីរបស់យើងដំណើរការបានទៅមុខថែមទៀត រហូតដល់៩៤ភាគរយ បើចុះបញ្ជីបានមានន័យថា ដីទាំងនេះ គឺគ្មានទំនាស់ យើយអាចប្រកាសតំបន់វិនិឆ្ឆ័យបាន ហើយយើងចេញបណ្ណកម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋ»។
បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលេីកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ ក្រសួងបន្តពង្រឹងការប្រមូលចំណូលចូលថវិកាជាតិ ដែលនៅឆ្នាំ ២០១៩ នេះ ប្រមូលចំណូលបានជិត១១៤ លានដុល្លារ កើនឡើង ១៧ លានដុល្លារ ស្មើនឹង ១៧,៥០% ធៀបនឹងឆ្នាំ ២០១៨៕ដោយ៖កូឡាប