អ្នកម៉ូតូឌុបម្នាក់ ត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីសួរនាំ បន្ទាប់ពីគាត់ថតវីដេអូនៃហេតុការណ៍ធ្វើអត្តឃាតមួយ ដោយជំនួសឲ្យការជួយដល់ក្មេងស្រីជំទង់ដែលកំពុងមានវិបត្តិ ។
យោងតាមប៉ូលីសក្នុងប្រទេសថៃ ក្មេងស្រីជំទង់ម្នាក់បានបង្គាប់ឲ្យអ្នកម៉ូតូឌុប ដឹកយកនាងទៅកាន់ស្ពានមួយ, ទីកន្លែងដែលនាងចង់ថតវីដេអូ ។
អ្នកម៉ូតូឌុបឈ្មោះ Pataradanai Noomsrinart បានដឹកក្មេងរងគ្រោះឈ្មោះ Nittaya Sawasdiwan អាយុ ១៨ ឆ្នាំ ទៅកាន់ទន្លេ Chao Phraya ក្នុងទីក្រុងបាងកក ។
Sawasdiwan បានសួរអ្នកបើកបរថា តើគាត់អាចថតនាងនៅលើស្ពានបានដែរ ឬទេ ។ បន្ថែមពីថ្លៃឈ្នូលជិះ ក្មេងស្រីជំទង់រូបនេះ បានបង់លុយប្រហែល ១៥ ដុល្លារ សម្រាប់ពេលវេលាគាត់ថតវីដេអូ Live នៅលើហ្វេសប៊ុក ។
Sawasdiwan បានប្រគល់ទូរស័ព្ទរបស់នាងទៅអ្នកបើកបរ ហើយគាត់ក៏ចាប់ផ្តើមថតនាង ។
បទចម្រៀងត្រូវបានចាក់បណ្តើរ ខណៈអ្នកម៉ូតូឌុបក៏កំពុងថត Sawadiwan ដោះស្បែកជើង និងស្រោមជើងរបស់នាង, ផឹកស្រា និងឡើងទៅលើកំពូលនៃរបាំងស្ពាន ។
អ្នកម៉ូតូឌុបរូបនេះពុំបានបញ្ឈប់សកម្មភាពនាងនៅចំណុចណាមួយនោះទេ ហើយគាត់បន្តថតរហូតនាងលោតចូលក្នុងទឹកទន្លេតែម្តង ។
ភ្លាមៗនោះ Noomsrinart ក៏បានខលហៅប៉ូលីសមកកាន់កន្លែងកើតហេតុ ។ សាកសពរបស់នាងត្រូវបានរកឃើញ ២ ថ្ងៃ ក្រោយ ដោយក្រុមមុជទឹករបស់កងកម្លាំងម៉ារីន និងប៉ូលីស ។
Noomsrinart បានអះអាងថា ក្មេងស្រីជំទង់រងគ្រោះនោះ បានស្នើគាត់ឲ្យថតបរិយាកាសនៅលើស្ពាន និងថា គាត់មិនដឹងនឹងត្រូវនិយាយម៉េចទេ ហើយក៏មិនដឹងនាងមានគម្រោងលោតទឹកសម្លាប់ខ្លួនបែបនេះដែរ ។
ថ្វីការអះអាងរបស់គាត់យ៉ាងណាក៏ដោយ ប៉ូលីសនិយាយថា Noomsrinart អាចប្រឈមមុខបទចោទប្រកាន់បរាជ័យជួយមនុស្សដែលមានគ្រោះថ្នាក់ ៕ ចន្ទី