Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ស៊ែប៊ី បើកកិច្ចពិភាក្សា ផ្តោតលើការជំរុញសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើតយន្តការដ៏មានប្រសិទ្ធភាពផ្សេងៗ

ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Damjan Jović រដ្ឋលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋស៊ែប៊ី បានធ្វើជាសហប្រធានកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-ស៊ែប៊ីលើកទី៤ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសន្ទនាជាទៀងទាត់ ពង្រឹងទំនាក់ទំនងប្រពៃណី និងយូរអង្វែងនៃប្រទេសទាំងពីរ និងស្វែងរកមធ្យោបាយថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ កិច្ចពិភាក្សាបានផ្តោតលើការជំរុញសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតយន្តការដ៏មានប្រសិទ្ធភាពផ្សេងៗ។

សហប្រធានទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ព្រមទាំងបញ្ជាក់អំពីការគាំទ្រទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ។ កម្ពុជាស្វាគមចំពោះទំនាក់ទំនងកើនឡើងរបស់ស៊ែប៊ីជាមួយអាស៊ាន និងសម្តែងការសាទរចំពោះការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៅក្នុងគំនិតផ្តួចផ្តើមក្នុងតំបន់ ហើយប្រទេសទាំងពីរបានសន្យាស្វែងរកឱកាសសមស្របសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ។ សហប្រធានទាំងពីរក៏បានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍លើបញ្ហាតំបន់ និងពិភពលោកផងដែរ។

កិច្ចប្រជុំនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសន្ទនាកម្រិតខ្ពស់នាពេលអនាគត និងពង្រឹងកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់ ក្នុងគោលបំណងជំរុញគោលដៅរួមនៃសន្តិភាព ការអភិវឌ្ឍ និងសមាហរណកម្មក្នុងតំបន់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×