ភ្នំពេញ៖ អតីតប្រធានគណៈមេធាវីប្រចាំរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌កម្ពុជាក្នុងការកែទម្រង់ និងលើកស្ទួយវិស័យយុត្តិធម៌នៅកម្ពុជា ព្រមទាំងស្នើសុំឱ្យក្រសួងយុត្តិធម៌បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិចបន្ថែមទៀត។
នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ លោកអង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលស្វាគមន៍ចំពោះទស្សនកិច្ចរបស់គណៈប្រតិភូច្បាប់សហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក William D. Pickett អតីតប្រធានគណៈមេធាវីប្រចាំរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។ នៅក្នុងកិច្ចសំណេះសំណាលនេះ លោក William D. Pickett បានសម្តែងនូវកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌កម្ពុជាក្នុងការកែទម្រង់ និងលើកស្ទួយវិស័យយុត្តិធម៌នៅកម្ពុជា ព្រមទាំងស្នើសុំឱ្យក្រសួងយុត្តិធម៌បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិចបន្ថែមទៀត។
ជាចុងក្រោយ ក្រសួងយុត្តិធម៌ក៏បានឯកភាពនិងគាំទ្រទាំងស្រុងចំពោះសំណើរបស់គណៈប្រតិភូច្បាប់សហរដ្ឋអាមេរិក និងថ្លែងអំណរគុណចំពោះការអញ្ជើញរបស់គណៈប្រតិភូច្បាប់សហរដ្ឋអាមេរិកក្នុងការបញ្ជូនគណៈប្រតិភូនៃអ្នកអនុវត្តវិជ្ជាជីវៈច្បាប់នៅកម្ពុជា ទៅបំពេញទស្សនកិច្ចសិក្សានៅទីក្រុងវ៉ាស៊ីងតោន នៅក្នុងពាក់កណ្តាលឆ្នាំ២០២០ ខាងមុខនេះ ដើម្បីសិក្សាស្វែងយល់អំពីស្ថាប័នអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក និងផ្លាស់ប្តូរបទពិសោធន៍លើការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ៕ ដោយ៖កូឡាប