តាមកាសែត DailyStar អាមេរិកនឹងកូរ៉េខាងជើងបានកាត់ផ្តាច់ខ្សែរយៈសម្រាប់ចរចាគ្នាទាំងអស់ ខណៈពេលដែលការគំរាមកំហែងអំពីសង្គ្រាមកាន់តែកើនឡើងរវាងប្រទេសទាំងពីរនេះ ។
អាមេរិកបានលុបចោលរាល់កិច្ចប្រឹងប្រែងទាំងឡាយ ដើម្បីចរចាជាមួយនឹងកូរ៉េខាងជើង ក្រោយពេលប្រទេសនេះបន្ទុះសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែន ដែលថា ខ្លាំងបំផុតរបស់ខ្លួនកាលពីខែមុន ។ បន្ទាប់ពីនោះមកភាគីទាំងសងខាងចាប់ផ្តើមផ្ទុះសង្គ្រាមពាក្យសំដី គំរាមកំហែងគ្នាទៅវិញទៅមកបណ្តាលឲ្យមានការព្រួយបារម្ភថា អាចផ្ទុះឡើងនូវសង្គ្រាម ។
មេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន
មេដឹកនាំកូរ៉េខាងជើង គីម ជុង-អ៊ុន បានគំរាមថា នឹងបន្ទុះគ្រាប់បែកនុយក្លេអ៊ែរមួយផ្សេងទៀត នៅមហាសមុទ្រប៉ាស៊ីហ្វិក ខណៈដែលភាពតានតឹងពុំទាន់ថមថយ ។ Byoung-gug មកពីគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូងឲ្យដឹងថា អាមេរិកបានកាត់ផ្តាច់ទាំងស្រុងរាល់ការចរចាជាមួយកូរ៉េខាងជើង។
គ្រាប់បែកអ៊ីដ្រូហ្សែន ដែលកូរ៉េខាងជើងបានគំរាមថា មានកម្លាំងបំផ្លាញដល់ទៅ ២៥០គីឡូតោន ខ្លាំងជាង១០ដង ប្រៀបនឹងគ្រាប់ប៉ារម៉ាណូដែលទម្លាក់នៅហ៊ីរ៉ូស៊ីម៉ា ។
ចំណែកគេហទំព័រ 38North របស់អាមេរិក ដែលជំនាញតាមឃ្លាំមើលបញ្ហាកូរ៉េខាងជើងនៅថ្ងៃទី៥ ខែតុលា បានលើកឡើងថា ៖ ការគណនាតាមទ្រឹស្តីបទនោះទង្វើវាយលុកនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងសំដៅលើក្រុងសេអ៊ូលនិងតូក្យូអាចធ្វើឲ្យមនុស្សជាង ២លាននាក់ស្លាប់ ។
របាយការណ៍មួយរបស់ Michael J. Zagurek Jr បានលើកឡើងថា ផ្អែកតាមទិន្នន័យទាំងឡាយនោះ តាមកម្លាំងនុយក្លេអ៊ែរ ដែលកូរ៉េខាងជើង មានបច្ចុប្បន្នអាចធ្វើឲ្យមនុស្ស ២,១នាក់ស្លាប់ និង៧,៧សែននាក់រងរបួស ។
ការព្យាករណ៍នេះ លើកឡើងដោយផ្អែកតាមឃ្លាំងអាវុធនុយក្លេអ៊ែរ២៥ របស់កូរ៉េខាងជើងកំពុងបាញ់ឆ្ពោះទៅរកក្រុងសេអ៊ូល និងតូក្យូ ។ កម្លាំងបំផ្លាញនៃក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានគណនាថា ស្ថិតនៅចន្លោះពី១៥-២៥០គីឡូតោន ។ ចំណែកពលរដ្ឋរស់នៅក្រុងសេអ៊ូលមាន ២៤,១សែននាក់ ចំណែកក្រុងតូក្យូ ៣៦,៩សែននាក់ ៕