រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានចូលរួមជាវាគ្មិនក្នុងកម្មវិធីខាងលើនៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងគោលបំណងពិភាក្សាអំពីប្រធានបទស្តីពីការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានធុរកិច្ចនៅកម្ពុជា និងការធ្វើសន្ធានកម្មរបស់សហគ្រាសក្នុងស្រុកក្នុងវិស័យកម្មន្តសាលបម្រើដល់ការនាំចេញ។
មានមតិក្នុងពិធីខាងលើ ឯកឧត្តមអគ្គលេខាធិការរងបានធ្វើការជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានធុរកិច្ច និងបរិយាកាសវិនិយោគតាមរយៈការផ្តល់ឱកាសដល់វិស័យឯកជនធ្វើការលើកឡើងនូវរាល់កង្វល់ និងបញ្ហាប្រឈមដោយផ្ទាល់ក្នុងក្របខ័ណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ជាក់ស្តែង វេទិកាដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងចំនួន១៩លើក រួចមកហើយ ដោយក្នុងនោះវេទិកាលើកទី១៩ ត្រូវបានរៀបចំឡើងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមបច្ចុប្បន្ន ក្រុមការងារតាមវិស័យសរុបចំនួន១៦ ត្រូវបានបង្កើតឡើងក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនដើម្បីធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន។ បន្ថែមពីយន្តការខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានសហការរៀបចំថ្នាលកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនបរទេសរួមមានជប៉ុន, សហភាពអឺរ៉ុប, សហរដ្ឋអាម៉េរិក និងកូរ៉េផងដែរ។ ពាក់ព័ន្ធនឹងការធ្វើសន្ធានកម្មរបស់សហគ្រាសក្នុងស្រុកក្នុងវិស័យកម្មន្តសាលបម្រើដល់ការនាំចេញ ឯកឧត្តមបានគូសរំលេចអំពីគោលនយោបាយលើកទឹកចិត្តបន្ថែមរបស់រាជរដ្ឋាភិបាលដែលបានចែងយ៉ាងច្បាស់ក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីវិនិយោគ ក៏ដូចជាការផ្តល់កិច្ចសម្រួលពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតាមរយៈការដាក់ឱ្យប្រើប្រាស់នូវគេហទំព័រ Suppliers Database with Sustainability Dimensions (https://sd2.cdc.gov.kh/) សំដៅបង្កលក្ខណៈក្នុងការតភ្ជាប់សហគ្រាសផ្គត់ផ្គង់ក្នុងស្រុកជាមួយសហគ្រាសដែលផលិតបម្រើដល់ការនាំចេញ។
គួរបញ្ជាក់ជូនផងដែរថា របាយការណ៍បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជាត្រូវបានរៀបចំធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆមាសដោយធនាគារពិភពលោកដើម្បីតាមដាននូវវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាសុខភាពរបស់វិស័យឯកជនជាតិ និងអន្តរជាតិដែលបាន និងកំពុងមានប្រតិបត្តិការធុរកិច្ច៕ រក្សាសិទ្ធដោយ៖សុទ្ធលី