Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តកំពង់ចាមទូងស្គដើម្បីអបអរការចុះបញ្ជីទីតាំងមណ្ឌលឧក្រិដ្ឋកម្មបីកន្លែងក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ខេត្តកំពង់ចាម: សំឡងស្គរឮកងរំពងនៅសាលាខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តជាច្រើនរូបព្រមទាំងមន្ត្រីមួយចំនួន អង្គភាពនានាជុំវិញខេត្តទីអារាមចំនួន៣៧៩វត្ត បានបន្លឺឡើងព្រមៗគ្នាវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៥ ដើម្បីអបអរសាទរការចុះបញ្ជីទីតាំងមណ្ឌលឧក្រិដ្ឋកម្ម៣កន្លែងទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅប្រទេសបារាំង។ ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលធ្វើឲ្យបុគ្គលគ្រប់រូបចងចាំគ្រប់ៗគ្នា មិនអាចបំភ្លេចបាននូវរបបវាលពិឃាត ដែលបានសម្លាប់មនុស្សស្លូតត្រង់ប្រមាណជាង ៣លាននាក់។

លោកព្រឹទ្ធាចារ្យ ស្រី កានឿនមានប្រសាសន៍រំលឹកថា: ក្នុងគ្រាដែលប្រទេសកម្ពុជាបានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដោយសារមានការយកចិត្តទុកដាក់ក្នុងការតស៊ូរំដោះជាតិពីសំណាក់សម្ដេចតេជោ ព្រមទាំងឥស្សរជនមួយចំនួនទៀតបានរំដោះប្រទេសនៅថ្ងៃទី៧មករាឆ្នាំ១៩៧៩។គ្រានោះហើយដែលយើងត្រូវបានកសាងចេញពីបាត់ដៃទទេ រហូតមកដល់សព្វថ្ងៃ បានអភិវឌ្ឍន៍មានការរីកចម្រើនលើគ្រប់វិស័យមានសន្តិភាពគ្រប់ទីកន្លែង បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់ទិសទីមិនថាយប់ឬថ្ងៃឡើយ។

លោកព្រឹទ្ធាចារ្យមានប្រសាសន៍បន្តឲ្យដឹងទៀតថា ក្រោមការផ្ដួចផ្ដើមពីសំណាក់សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ក្នុងការចុះបញ្ជី​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង សន្តិភាព ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ទី​ក្រុងប៉ារីស សាធារណរដ្ឋ​បារាំងនៅថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥​ ។

ការ​ចុះបញ្ជី​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា មាន​គោលបំណង​ការពារ​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា និង​គាំទ្រ​ដល់​ដំណើរការ​រៀបចំ​ដាក់​ទីតាំង​ចចំនួន៣ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ រួម​មាន អតីត​មន្ទីរឃុំឃាំង​១៣ (​ខេត្តកំពង់ស្ពឺ​) សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង និង​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក (​ស្ថិត​នៅ​រាជធានី​ភ្នំពេញ​)​។ តាមរយៈការយកចិត្តទុកដាក់ពីសំណាក់តេជោជាបិតាសន្តិភាពនៅកម្ពុជាគឺពិតជាមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន។ក្នុងនោះដើម្បីបង្ហាញពីការចងចាំមេរៀនដ៏ជូរចត់ដែលធ្វើឲ្យកម្ពុជាបែកបាក់ទឹកភ្នែកហូរជាស្ទឹងឆ្អឹងគរជាភ្នំជាមួយនោះការផ្ដាច់ញាចិត្តរបស់រាជរដ្ឋាភិបាលគឺប្រឆាំងដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍វិលមកកម្ពុជាជាលើកទី២ទៀតឡើយ។ក្នុងការស្ដារអភិវឌ្ឍន៍ប្រទេសជាតិរយៈពេលជាង ៤០ឆ្នាំនេះ បានធ្វើឲ្យកម្ពុជាមានការរីកចម្រើនគ្រប់វិស័យដូចប្រទេសជិតខាងនិងបណ្ដាប្រទេសមួយចំនួនលើពិភពលោក។

សូមបញ្ជាក់ថានៅប្រទេសកម្ពុជាពុំមែនមានតែមណ្ឌលប្រល័យពូជសាសន៍បីខាងលើនេះទេ គឺមានពាសពេញប្រទេសតែម្ដងក្នុងនោះនៅភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម ក៏មានកន្លែងពិឃាតមនុស្សយកមកពីគ្រប់ទិសទីផងដែរ។ជាក់ស្ដែងក្រោយថ្ងៃរំដោះ៧មករា១៩៧៩-១៩៨០ រូបលោកក៏ស្ថិតក្នុងជួរគណៈកម្មការម្នាក់ដោយបានរាប់ឆ្អឹងរលាដ៏ក្បាលមនុស្សឃើញមានចំនួនរហូតដល់ជិត២ម៉ឺនឯណោះដែលជាចំនួនមួយដ៏ច្រើន។ហើយជារៀងរាល់ឆ្នាំក្រោមការដឹកនាំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីអង្គភាពនានាជុំវិញខេត្តតែងតែប្រារព្ធពិធីចងចាំ២០ឧសភា មិនដែលអាក់ខានម្ដងណាឡើយ។ក្រៅពីនេះនៅតាមស្រុកក្រុងទាំង១០ ក្នុងខេត្តកំពង់ចាមក៏មានកន្លែងពិឃាតមនុស្សនៃរបបអាវខ្មៅនេះផងដែរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×