Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រកាសបើកការប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី៣ នៅស្ពានហាល ខាងលិច ប្រាសាទអង្គរវត្ត ខេត្តសៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី បានអញ្ជើញជាសហធិបតី ក្នុងកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី៣ នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ, ឯកឧត្តម លឹម ប៊ុនហុក រដ្ឋលេខាធិការ និងជាទីប្រឹក្សានៃក្រសួងព្រះបរមរាជវាំង និងជាស្ថាបនិកសំណេរអង្គរ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា តំណាងអាជ្ញាធរដែនដី តំណាងដៃគូឧបត្ថម្ភ ភ្ញៀវជាតិ និងអន្តរជាតិ។

ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុងកម្មវិធី និងសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីភាពរបស់ក្រុមការងារ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយការទទួលខុសត្រូវ និងជាពិសេស ការចូលរួមដោយចេញពីបេះដូងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងព្រឹត្តិការណ៍សំណេរអង្គរនេះ ដែលជានិមិត្តរូបដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទីតាំងស្ពានហាលនៃប្រាសាទអង្គរវត្តនេះ មិនមែនគ្រាន់តែជាសំណង់បេតិកភណ្ឌពិភពលោកនោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ដ៏ធំធេង និងជាបណ្ណាល័យសិលាចារឹកដ៏រស់រវើក ដែលឆ្លុះបញ្ចាំងពីមោទនភាព និងការវិវត្តដ៏រុងរឿងនៃអក្សរសាស្ត្រខ្មែរតាំងពីបុរាណកាលមកដល់ពេលបច្ចុប្បន្ននេះ។ ការមកជួបជុំគ្នានៅទីនេះ គឺជាការបង្ហាញពីមនសិការជាតិក្នុងការរួមគ្នាថែរក្សាអត្តសញ្ញាណអក្សរសាស្ត្រ ដែលជាភារកិច្ចចម្បងរបស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីឫសគល់ដ៏រឹងមាំរបស់ខ្លួន។

ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ដែលជាយុទ្ធសាស្ត្រកំណែទម្រង់ដ៏មុតស្រួចបំផុតមួយសម្រាប់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា។ ការរៀបចំព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ «សំណេរអង្គរ» នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។ សូមយកឱកាសនេះដែរ លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ឱ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្រ្តខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការពិតអំពីសមត្ថភាពពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងប្រណាំងនានាក្នុងពេលខាងមុខ។

តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកដែលធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូន និងសូមកោតសរសើរចំពោះការលះបង់ និងភាពក្លាហានរបស់បេក្ខជនបរទេស ក៏ដូចជាមាតាបិតាបេក្ខជនដែលមានអាយុក្រោម១៨ឆ្នាំ ដែលបានលើកទឹកចិត្តនិងជូនកូនៗមកចូលរួមការប្រកួតនាពេលនេះ និងសូមបួងសួងឱ្យសេចក្ដីស្រឡាញ់អក្សរសាស្ត្រខ្មែរយើង រឹងមាំ ប្រៀបដូចប្រាង្គប្រាសាទដែលកំពុងឈរយ៉ាងស្កឹមស្កៃនេះ។

គួរបញ្ជាក់ដែរថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី៣នេះ មានបេក្ខជន និងបេក្ខសមណសរុបចំនួន ១៨៦០អង្គ/នាក់។ សម្រាប់ការប្រកួតនៅឆ្នាំនេះមានវត្តមានព្រះសង្ឃចំនួន ២៣១អង្គ។ ចំណែកបេក្ខជន ចាស់ជាងគេអាយុ ៨២ឆ្នាំ និងក្មេងជាងគេ៥ឆ្នាំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×