Monday, March 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ចេញសេចក្ដីប្រកាសរួមព័ត៌មាន ស្តីពីការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុងនិងលើកដំបូងនៅប្រជុំកោះស្ដេច

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ អង្គការ គាំពារធនធានសមុទ្រ ព្រមទាំងមូលនិធិសង្សារ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការរកឃើញនូវការ បង្កកំណើតផ្កាថ្មប៉ប្រះទឹកជាលើកទី៣ នៅប្រជុំកោះរ៉ុង និងជាលើកដំបូងនៅកោះសង្សារនៃខេត្តព្រះសីហនុ និងប្រជុំ កោះស្ដេចនៃខេត្តកោះកុង។

ការចុះអង្កេតនិងសិក្សាអំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹកនេះ ធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៦ ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អង្គការសត្វព្រៃ និងរុក្ខ ជាតិ អង្គការគាំពារធនធានសមុទ្រ មូលនិធិសង្សារ Bubbles Up Dive Centre និង Khmer Dive Group។

ក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានធ្វើការមុជទឹកនៅពេលយប់ និងតាមដានផ្កាថ្មប៉ប្រះ ទឹកយ៉ាងយកចិត្តទុកដាក់ ដើម្បីកត់ត្រាសកម្មភាពការបង្កកំណើត និងកត់ត្រាបរិស្ថានជុំវិញ ដើម្បីវាយតម្លៃសុខភាព ផ្កាថ្ម។ ការស្រាវជ្រាវនេះ បានផ្តល់ជាមូលដ្ឋានទិន្នន័យវិទ្យាសាស្ត្រសំខាន់ៗ ដែលជួយឱ្យអ្នកស្រាវជ្រាវបានយល់អំពី វដ្តបន្តពូជរបស់ផ្កា ការតាមដានការរស់ឡើងវិញនៃផ្កាថ្ម និងកំណត់កត្តាដែលរួមចំណែកដល់ការគ្រប់គ្រងផ្កាថ្ម ប៉ប្រះទឹកប្រកបដោយប្រសិទ្ធភាព។ ទិន្នន័យដែលប្រមូលបាន ក៏ផ្ដល់ជាភស្តុតាងមូលដ្ឋានជាយុទ្ធសាស្ត្រក្នុងការអភិ រក្សផ្កាថ្មប៉ប្រះទឹករយៈពេលវែង សម្រាប់ជាប្រយោជន៍ដល់ទាំងជីវៈចម្រុះ និងសហគមន៍ឆ្នេរសមុទ្រ ដែលពឹងផ្អែកលើ ផ្កាថ្មប៉ប្រះទឹកដែលមានសុខភាពល្អសម្រាប់ជាអាហារ និងជីវភាពរស់នៅ។

កញ្ញា Jun Cheng ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃកម្មវិធីអភិរក្សតំបន់ឆ្នេរ និងសមុទ្រប្រចាំអង្គការសត្វព្រៃ និង រុក្ខជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា៖ “ការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម រយៈពេលបីឆ្នាំជាប់ៗគ្នា គឺជាសញ្ញ ដ៏ល្អមួយដែលបង្ហាញថា ថ្មប៉ប្រះទឹកនៅក្នុងប្រទេសកម្ពុជានៅតែមានភាពធន់គួរឱ្យកត់សម្គាល់។ ការរកឃើញ ទាំងនេះ បង្ហាញពីសារៈសំខាន់នៃការបន្តសិក្សាស្រាវជ្រាវព្រឹត្តិការណ៍នេះ និងកិច្ចសហការយ៉ាងរឹងមាំរវាងរាជរដ្ឋាភិ បាល អង្គការ និងដៃគូក្នុងស្រុក ដើម្បីធានាបាននូវការការពាររយៈពេលវែងនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏មានតម្លៃទាំងនេះ។”

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “ភាពជោគជ័យនៃការ រកឃើញការបង្កកំណើតរបស់ផ្កាថ្មនេះ បានបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងគ្រប់គ្រងជាបន្ត បន្ទាប់នៅក្នុងតំបន់ការពារសមុទ្ររបស់ប្រទេសកម្ពុជា។ ការសហការរវាងរាជរដ្ឋាភិបាល អង្គការដៃគូ និងសហគមន៍ មូលដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី ឱ្យមាន ចីរ ភាពសម្រាប់មនុស្សគ្រប់ជំនាន់។”

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖ “លទ្ធផល ដែលបានបង្ហាញ ៣ ឆ្នាំជាប់ៗគ្នានេះ ជាសក្ខីភាពបង្ហាញថា សមុទ្ររបស់យើងកំពុងមានសុខភាពល្អ ហើយនេះក៏ជា សក្ខីភាពមិនអាចប្រកែកបាននៃជោគជ័យក្នុងការអនុវត្តវិធានការការពារធនធានជលផលរបស់យើង។ យើងមិនមែន គ្រាន់តែមានគោលនយោបាយលើក្រដាសនោះទេ តែយើងមានលទ្ធផលជាក់ស្តែងនៅក្នុងសមុទ្រ។ ទោះជាយ៉ាង នេះក្ដីយើងមិនត្រូវស្កប់ស្កល់នឹងលទ្ធផលថ្ងៃនេះត្រឹមប៉ុណ្ណោះទេ យើងនឹងខិតខំបន្តដើម្បីរក្សាលទ្ធផលនេះនៅឆ្នាំក្រោ យៗទៀត។”

គួរកត់សម្គាល់ថា ផ្កាថ្មប៉ប្រះទឹកដែលមានសុខភាពល្អគឺមានសារៈសំខាន់ណាស់ ក្នុងធានាបាននូវនិរន្តរភាព នៃធនធានជលផល និងគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍តាមតំបន់ឆ្នេរសមុទ្រ។ ក្រុមការងារនឹងយក ទិន្នន័យដែលប្រមូលបាន ទៅសិក្សាស្រាវជ្រាវបន្ថែមដើម្បី រួមចំណែកដល់ការពង្រឹងការគ្រប់គ្រងធនធានសមុទ្រ និង ធានាថាជីវៈចម្រុះសមុទ្រនៅក្នុងប្រទេសកម្ពុជាឱ្យបន្តកើនឡើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×