ក្រុមហ៊ុនមួយ បានបុកគ្រឹះសសរបេតុងលុបប្រឡាយរំដោះទឹកនៃស្ទឹងសាលាគូ ( គឺសាងសង់របងថ្មលើដីចំណីស្ទឹងស្លាគូ) ពុំមានច្បាប់អនុញាតិ រងការិះគន់យ៉ាងខ្លាំងពីមហាជន ចំណែកមន្រ្តីពាក់ពន្ធ័ មិនត្រឹមមិនបានធ្វើរបាយការណ៏ទៅថ្នាក់លើប៉ុណ្ណោះនោះទេ បែរជានិយាយយករួចខ្លួនថា ខ្លួនថ្នាក់តូច មិនហ៊ានអនុវត្តច្បាប់ ឬធ្វើអីបទល្មើសនេះមិនកើតទេ, នេះបើតាមមន្ត្រីភូមិ-ឃុំ បង្អើបឱ្យ CEN ( Cambodia Express News ) ដឹង នាថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៦ ហើយសាធារណជន កំពុងតែតាមដានមើលករណីនេះ ថាតើនៅពេលដែលថ្នាក់លើដឹងរឿងនេះហើយនោះ នឹងមានវិធានការអនុវត្តច្បាប់បែបណា ? ខ្លាចក្រែងតែគេយកច្បាប់ធនធានទឹក ធនធានសមុទ្រ និងធនធានធម្មជាតិទៅចុកចោលកន្លៀតជញ្ជាំងទេ។
ហេតុការណ៍រំលោភបំពានលុបប្រឡាយរំដោះទឹក និងដីចំណីស្ទឹងស្លាគូនេះ កើតឡើងនៅក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មហាជន និងប្រជាពលរដ្ឋ នៅក្នុងសហគមន៍ បាននិងកំពុងចោមរោមរិះគន់ ករណីបុកគ្រឹះលុបប្រឡាយរំដោះទឹក នៅទីតាំងខាងលើ គឺជាទង្វើមួយបញ្ជាក់បានថា ក្រុមមន្រ្តីអាជ្ញាធរដែនដី និងក្រុមមន្រ្តីជំនាញ យកច្បាប់ទ្រាប់គូទអង្គុយ ហើយបែរជាមកបង្ហាញប្រាប់ប្រជាពលរដ្ឋថា ពួកគេពិតជាគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបម្រើផលប្រយោជន៏រួម ខុសពីគោលការណ៍ដែលរាជរដ្ឋាភិបាលកំពុងកែទម្រង់ស៊ីជម្រៅ បោសសម្អាតផ្ទះយើង, ម្យ៉ាង បើមន្ត្រីអនុវត្តច្បាប់មិនបាន តើក្នុងសង្គមកម្ពុជាមួយនេះបង្កើតមន្ត្រីឲ្យបម្រើការធ្វើអ្វី ? ហើយថា បើបង្កើតច្បាប់មក គ្មានអ្នកគោរព តើបង្កើតច្បាប់មកធ្វើអ្វី ?
មហាជនបាននិយាយថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កន្លងមក ការសាងសង់របងថ្មរឹងមាំ តាមបណ្តោយស្ទឹងស្លាគូរក្នុងស្រុកត្រាំកក់មួយកន្លែង ត្រូវបានរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម , ថ្នាក់ដឹកនាំខេត្ត ដឹកនាំមន្រ្តីជំនាញមួយមួយចំនួនទៀត បានចុះទៅពិនិត្យមើល ហើយវាយកម្ទេចរបងថ្មរបស់ក្រុមហ៊ុនមួយ ជាច្រើនរយម៉ែត្រចោល ដើម្បីបញ្ជាក់ពីភាពរឹងមាំអំណាចនៃច្បាប់, មិនមែនដូចមន្ត្រីមូលដ្ឋានថា មិនហ៊ានអនុវត្តច្បាប់ទៅលើមន្ត្រីប្រព្រឹត្តល្មើសនោះឡើយ។
ក្រុមហ៊ុនមួយនេះ ( សុំលាក់ឈ្មោះសិន ) ដែលហ៊ានសាងសង់របងថ្មចូលទៅលុបប្រឡាយរំដោះទឹកនៃស្ទឹងស្លាគូ គឺជាទង្វើរំលោភបំពានតាមអំពើចិត្ត ព្រោះនេះជាសំណង់រឹងមាំ ដល់ថ្នាក់បុកគ្រឹះលុបប្រឡាយ នៅស្រុកព្រៃកប្បាស គ្មានសុំច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវ ហើយក្រុមមន្រ្តីពាក់ព័ន្ធធ្វើជាដេកលក់យ៉ាងរំភើយ មិនខ្វល់ពីការរិះគន់របស់មហាជន ប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះដល់ថ្នាក់លើ និងច្បាប់ដែលជាបន្ទាត់តម្រង់ផ្លូវយើងទាំងអស់គ្នា។
ពាក់ពន្ធ័ករណីខាងលើ លោកស្រី ប៊ុ គឹមលាង មេឃុំចំប៉ា បានឱ្យដឹងថា លោកស្រីទទួលស្គាល់ថា ពិតជាមានការបុកគ្រឹះរបងថ្ម ចាក់សសរបេតុងចូលប្រឡាយនៅចំណុចខាងលើពិតមែន (ប្រឡាយរំដោះទឹកនៃស្ទឹងស្លាគួ ) ប៉ុន្តែធ្វើនេះយោងតាមសំណូមពរពីប្រជាពលរដ្ឋមួយចំនួន ដើម្បីធ្វើផ្លូវចូលទៅកាន់រោងចក្រ និងផ្លូវទៅស្រែរបស់ពួកគាត់ផង, ហើយលោកស្រីទទួលស្គាល់ថាលោកស្រី ក៏មិនបានធ្វើរបាយការណ៏ ឬស្នើរសុំច្បាប់ទៅដល់ថ្នាក់លើនោះទេ។
ចំណែក លោក ឌឹម គឹមសាន្ត ចៅហ្វាយស្រុកព្រៃកប្បាស បានឱ្យដឹងថា លោកមិនបានទទួលការស្នើសុំច្បាប់អ្វីពាក់ពន្ធ័ និងសសរបេតុងបុកគ្រឹះចូលប្រឡាយរំដោះទឹកនៃស្ទឹងស្លាគូ នៅចំនុចនោះទេ គឺជារឿងរបស់មេឃុំចំប៉ា ជាអ្នកទទួលខុសត្រូវ , លោកបានបន្ថែមទៀតថា លោកទទួលបានព័ត៌មាន គឺក្រោយពេលមានការសែតផ្សាយ ហើយលោកបានសាកសួរ គឺគេបានចំណាយលុយ ៣០០លានរៀល តែលោកមិនដឹងខាងណាអ្នកចំណាយនោះទេ ? លោក ឌឹម គឹមសាន្តបញ្ជាក់ថា (បើមានរឿងធំ គឺលោកស្រីមេឃុំជាអ្នកទទួលខុសត្រូវ)។
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន CEN ( Cambodia Express News ) រង់ចាំមើលថ្នាក់លើមានចំណាត់ការបែបណា ? ព្រោះកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កន្លងមក ក៏មានការសាងសាងសង់របងថ្មរំលោភចូលដីចំណីស្ទឹងស្លាគូបែបនេះ ជាច្រើនរយម៉ែត្រដែរ, ហើយត្រូវបានរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំខេត្តកាកែវ បានចុះទៅពិនិត្យផ្ទាល់ ឃើញថា ពិតជាមានការរំលោភបំពានដីចំណីស្ទឹងស្លាគូប្រាកដមែន និងបញ្ជាឲ្យវាយកម្ទេចចោល, ចុះករណីថ្មីមួយនេះយ៉ាងម៉េចវិញ៕ ពិសិដ្ឋ CEN










