ភ្នំពេញ៖លោក ពេជ្រ ស្រស់ បានលើកឡើងថា កិច្ចប្រជុំជាមួយលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌គឺកំពុងដំណើរការនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ ដោយលោកប្រធានគណបក្សយុវជនកម្ពុជា ចោទជាសំនួរមួយចំនួនទៅកាន់ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីរបស់តុលាការ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានសរសេរ ជាសំណួរមួយចំនួនទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីមួយចំនួន នៃការអនុវត្តប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា។
លោកថា ខ្ញុំសួរទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺ ១. តើភាពមិនប្រក្រតីរបស់តុលាការស្ថិតនៅលើចំណុចណា? ឧទាហរណ៍ -សាលាដំបូងគឺបុគ្គល ក ឈ្នះក្តី -សាលាឧទ្ធរណ៍គឺបុគ្គល ក ចាញ់ក្តី -តុលាការកំពូលគឺបុគ្គល ក ឈ្នះក្តីវិញ។ តើច្បាប់យុត្តិធម៌នៅកន្លែងណា? បើ
អង្គហេតុគឺតែមួយ ហើយតុលាការបីថ្នាក់មានម្តងបុគ្គល ក ឈ្នះក្តីនឹងម្តងទៀតបុគ្គល ខ ឈ្នះក្តីវិញ ដូចអន្ទង់អាំងចឹង តើឲ្យរាស្រ្តកក់ក្តៅ
នៅត្រង់ណា ចំពោះតុលាការនោះ?
២. រឿងក្តីភាគច្រើន១០ឆ្នាំ, ២០ឆ្នាំមិនទាន់ដោះស្រាយចប់ ដោយសារមូលហេតុអ្វី? តាមខ្ញុំដឹងរឿងមានខ្លះសាលក្រម ឬសាលដីកាចូលស្ថាពរហើយ ប៉ុន្តែភាគីចាញ់ក្តី បានប្តឹងពីក្រោមឡើងមកវិញ ទោះបីជាគ្មានភស្តុតាងថ្មីក៏ដោយនោះ………..?
ឧទាហរណ៍រឿងក្តីឈ្មោះ លីម លាង និងប្រធានអង្គការ ជនជាតិកូរ៉េម្នាក់ ដែលតុលាការខេត្តកណ្តាលចាប់ ។
៣.តើអាណត្តិចៅក្រម ព្រះរាជអាជ្ញាប៉ុន្មានឆ្នាំប្តូរម្តង? ហេតុអ្វីមានចៅក្រមខ្លះ 4, 6, ទៅ 7ឆ្នាំ មិនទាន់ប្តូរចេញ?
៤.បណ្តឹងទៅក្រសួងយុត្តិធម៌ឬឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ករណីខ្លះ ប្តឹងចូលទៅ រាប់ឆ្នាំ មិនព្រមចាត់ការទាល់តែសោះ តើមកពីកក្តាអ្វីទៅ...?
៥.តើបទល្មើសព្រហ្មទណ្ឌ បែរជាតុលាការមិនចាត់ការ តើខុសច្បាប់ឬទេ? តើក្រសួងយុត្តិធម៌មានចំណាត់ផ្លូវច្បាប់លើព្រះរាជអាជ្ញា ឬតំណាងអយ្យការណាមិនអនុវត្តច្បាប់ឬទេ? ឧទាហរណ៍ដូចជាករណីយុវតី៤រូប បានប្រើហិង្សាលើអនីតិជនដូចគ្នា ហើយមិនមែនប្រើហិង្សាលើកទី១នោះទេ ចុះហេតុអ្វីបានជាតុលាការមិនចាត់ការតាមនីតិវិធីច្បាប់ ? បើគិតថាជាអនីតិជនហើយមិនចាត់ការ តើច្បាប់ចែងអំពីអនីតិជនមកដើម្បីអ្វី ? តើគួរវិសោធនកម្មច្បាប់អនីតិជនចោលដែរឬទេ ? បើចែងមកហើយគ្មានអ្នកអនុវត្តផងនោះ?
ច្បាប់តាក់តែងឡើងមកដើម្បីគ្រប់គ្រងមនុស្ស និងរៀបចំសង្គមជាតិឲ្យមានសណ្តាប់ធ្នាប់ ចុះបើមនុស្សបង្ករឿងឲ្យសង្គមបាត់បង់សណ្តាប់ធ្នាប់ ហេតុអ្វីបានជាមិនយកច្បាប់មកដាក់ទណ្ឌកម្មលើអ្នកបង្កហេតុឲ្យសង្គមបាត់បង់សណ្តាប់ធ្នាប់នោះ?
លោកបន្តថា “ចម្លើយ ខ្ញុំនឹងជូននៅតាមក្រោយពេល ឯកឧត្តមរដ្ឋក្រសួងយុត្តិធម៌បានឆ្លើយរួចរាល់ “។ លោកបានបញ្ជាក់ថា “ដំណឹងអនុវត្តច្បាប់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអន្តរាគមន៍ទៅព្រះរាជអាជ្ញាឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤រូបនោះហើយ ដោយព្រះរាជអាជ្ញាកំពុងឲ្យប៉ូលិសបញ្ជូនសំណុំរឿងមកតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់”៕ដោយ៖កូឡាប