ភ្នំពេញ៖នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ខាមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទើបបានតែងតាំងថ្មី.ដោយ ប្តេជ្ញាថានឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដែលមានកន្លងមក រវាងកម្ពុជា និងសហភាពអឺរ៉ុប និងរួមគ្នាពង្រឹងវិស័យដ៏ទៃទៀត។
ជាកិច្ចស្វាគមន៍ លោករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានកត់សម្គាល់ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើកំណែទម្រង់នានា សម្រាប់ការធ្វើសមារណកម្មសេដ្ឋកិច្ច និងឆន្ទៈដ៏មោះមុតក្នុងការពង្រីកដៃគូរពាណិជ្ជកម្ម តាមរយៈ
ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក៏មានស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជួយក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្មកម្ពុជា។
សហភាពអឺរ៉ុប បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយ
នានា ក្នុងវិស័យពាណិជ្ជកម្ម និងអប់រំ និងការអនុវត្តគម្រោងអភិវឌ្ឍផ្សេងៗ ដែលបានបង្កើតឱកាសការងារ
ជាច្រើន និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។
ជាកិច្ចឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីភាពរីកចម្រើន និងសក្តានុពលរបស់ប្រទេសកម្ពុជា និងធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ការគាំទ្រ និងជំនួយ
នានា ដូចជា គម្រោងគាំទ្រសមារណកម្មអាស៊ាន (Arise Plus) ។ “ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ប្តេជ្ញាថានឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដែលមានកន្លងមក រវាងកម្ពុជា និងសហភាពអឺរ៉ុប និងរួមគ្នាពង្រឹងវិស័យដ៏ទៃទៀត”៕ដោយ៖កូឡាប