Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​-​សហភាព​អ៊ឺរ៉ុប​នឹង​បន្ត​បើក​ទីផ្សារ​ដល់​កម្ពុជា និង​បង្កើន​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​

​ភ្នំពេញៈ សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប នឹង​បន្ត​បើក​ទីផ្សារ​ដល់​កម្ពុជា និង​បង្កើន​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​។ នេះ​គឺជា​ការបញ្ជាក់​របស់លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​លោក George Edgar ឯកអគ្គរដ្ឋទូត សហភាព​អ៊ឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​រសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង​ការងារ​។​

​លោក ហេង សួរ អ្នក​នាំពា​ក្រ​ក្រសួង​ការងារ​បានអោយដឹងថា សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប ចាត់ទុក​បញ្ហា​បច្ចេកទេស​ជា​រឿង​បច្ចេកទេស នយោបាយ​ជា​រឿង​នយោបាយ​អត់​ពាក់ព័ន្ធ​គ្នា​ទេ​។​

​លោក​បន្តថា នៅក្នុង​ការជួបពិភាក្សា ឯកអគ្គរដ្ឋទូត​ទាំង​២​រូប បាន​សាទរ​ដល់​កម្ពុជា ដែល​ទើប​សម្រេច បាន​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៨ ចំនួន ១៧០​ដុល្លារ ប្រកបដោយ​រលូន និង​កុងសង់ស៊ីស​គ្នា​ពី​គ្រប់ភាគី​នា​ឆ្នាំនេះ​។ ឯកអគ្គរដ្ឋទូត​អាមេរិក និង​ឯកអគ្គរដ្ឋទូត សហភាព​អ៊ឺរ៉ុប ក៏បាន​លើកទឹកចិត្ត​ឱ្យ​កម្ពុជា​បន្ត​ប្រកាន់​ភ្ជាប់​នូវ​យន្តការ​ត្រីភាគី ការសន្ទនា​សង្គម ការគោរព​លក្ខខណ្ឌ​ការងារ ការគោរព​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ និង​ការដោះស្រាយ​បញ្ហា​ទំនាក់ទំនង​វិជ្ជាជីវៈ និង​វិវាទ​ការងារ​ឱ្យបាន​លឿន និង​មាន​តម្លាភាព​។ សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប​នឹងមិន​ភ្ជាប់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុង​ការគោរព​លក្ខខណ្ឌ​ការងារ ទៅនឹង​ភាព​តានតឹង​ផ្នែក​ផ្សេង​ទៀតឡើយ​។ សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប​នឹង​បន្ត​បើក​ទីផ្សារ​របស់ខ្លួន​ដល់​កម្ពុជា និង​បង្កើន​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​។

​ជាការ​ឆ្លើយតប លោក អ៊ិត សំហេង ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ទាំង​២ ដែល​បានរួម​ចំណែក​ក្នុងការ​លើកកម្ពស់​លក្ខ​ខណ្ឌ​ការងារ​នៅ​កម្ពុជា ព្រមទាំង​ធានាថា​កម្ពុជា​នឹង​បន្ត​គោលនយោបាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​លក្ខខណ្ឌ​ការងារ ដោយ​បន្ត​សហការ​ជាមួយ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO-BFC) អង្គការ GIZ និង​អង្គការ​អន្តរជាតិ​ផ្សេងទៀត​ដែល​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​កម្ពុជា​៕​ ​ដោយៈ មុនីរាជ

×