ភ្នំពេញ៖ ទាក់ទងនិងវិធីសាស្ត្រប្រមូលទិន្នន័យ DB_Calcu លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ចាត់ទុកថាមានសារសំខាន់បំផុត ព្រោះជាកម្មវិធីថ្មី និងដំណើរការលឿនបំផុតសម្រាប់គណនាទិន្នន័យផ្សេៗគ្រប់វិស័យ ដូចជា វិស័យពន្ធដារ រោងចក្រ សហគ្រាសធុនតូចនិងមធ្យម និងមធ្យមភាគសិស្សប្រឡងជាដើម ។
នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលជួបប្រតិភូសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន (JCIA)មួយក្រុម ដឹកនាំដោយលោកបណ្ឌិត Fumio Yamada ជាស្ថាបនិកនៃអង្គការសហប្រតិបត្តិការកម្ពុជា-ជប៉ុន (JCIA)នៅទីស្តីការក្រសួង ។
ក្នុងជំនួបនោះ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកបណ្ឌិត Yamada បានបង្ហាញនូវភាពស្និទ្ធស្នាល និងរំលឹកអនុស្សាវរីយ៍ជាមួយគ្នារយៈពេល ២៥ ឆ្នាំកកន្លងមក ដែលនាពេលដំបូងលោក ចម ប្រសិទ្ធ ជារដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ហើយលោកបណ្ឌិត Yamada ជាប្រធានសមាគម JCIA ជប៉ុន ដែលធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាសកម្មភាពសង្គមដទៃទៀត ។
នៅក្នុងឱកាសនោះ លោកបណ្ឌិត Yamada បានបញ្ជាក់ថា៖”ទំនាក់ទំនង និងភាពស្និទ្ធស្នាលរវាងលោក និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតរយៈពេល ២៥ ឆ្នាំកន្លងទៅ មកដល់បច្ចុប្បន្ននេះ លោកបណ្ឌិតមានអាយុ ៩០ឆ្នាំហើយ លោក សុំសិទ្ធិចងក្រងឯកសារ និងរូបភាព នៃចំណងមិត្តភាពនេះ ទុកជាអនុស្សាវរីយ៍ ដោយសុំការសហការពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតផងដែរ ។ ជាពិសេស ក្នុងឱកាសនេះ គឺលោក បាននាំនូវកម្មវិធី ដែលចាត់ទុកថាដំបូងគេ សម្រាប់កម្ពុជា នៅក្នុងតំបន់អាស៊ាន គឺ កម្មវិធី Excel ក្នុងកំព្យូទ័រ ដែលជាវិធីសាស្ត្រក្នុងការប្រមូលទន្នន័យបានប្រហែល ២ម៉ឺន ជួរតែក្នុង១វិនាទី ដែលឲ្យឈ្មោះថា៖វិធីសាស្ត្រប្រមូលទិន្នន័យ DB_Calcu ។ ប្រសិនបើមន្ត្រីរាជការដែលពាក់ព័ន្ធបានរៀន ពីបច្ចេកទេសមួយនេះ ប្រសិទ្ធភាពនៃកាងារក្នុងជួររាជរដ្ឋាភិបាលនឹងមានការរីកចម្រើនគួរកត់សម្គាល់ ។ ចំពោះការចំណាយសម្រាប់ការដំឡើងកម្មវិធីនេះគឺស្មើនឹងសូន្យ ។ ពីព្រោះកម្មវិធីSoftware បន្ថែម ដែលយើងនឹងត្រូវប្រើប្រាស់ គឺជាកម្មវិធីExcel តែប៉ុណ្ណោះ ។
បច្ចេកទេសនេះ ត្រូវបានធ្វើបទបង្ហាញ និងបង្រៀនដោយលោក Mitsunori Nishino តែមួយគត់លើពិភពលោកដំបូងគេ ដែលលោកក៏ជាគណនេយ្យករដ៏ជំនាញ និងផ្នែកវិស័យពន្ធដារផងដែរ “។
ក្នុងបទបង្ហាញលោកបានបញ្ជាក់ថា ហេតុផលគឺងាយស្រួលទេ មានន័យថា៖ យើងត្រូវស្វែងយល់និងបូកផ្សំគ្នានូវគោលគំនិត និងបច្ចេកវិទ្យា ១១ចំណុច បើខ្វះមួយមិនអាចដំណើរការបានឡើយ ។ ចំពោះសិស្សដែលជ្រើសរើសចូលរៀន គឺអ្នកដែលមានជំនាញIT ស្រាប់ដោយត្រូវរៀន សរុបមួយថ្ងៃ៦ម៉ោង និង៦ថ្ងៃ មិនជាប់គ្នា ពីព្រោះទុកពេលចន្លោះសម្រាប់ធ្វើលំហាត់និងអនុវត្តផ្ទាល់ ។ ពេលចេះហើយពួកគាត់នឹងអាចធ្វើជាគ្រូបង្គោលបន្តទៀតបាន ។
លោក ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានឯកភាពចំពោះគំនិត លោកបណ្ឌិត Yamada ក្នុងការចងក្រងសៀវភៅនិងរូបថតអនុស្សាវរីយ៍ ។ ដោយឡែក ទាក់ទងនិងវិធីសាស្ត្រប្រមូលទិន្នន័យ DB_Calcu លោកកិត្តិសេដ្ឋាបណ្ឌិត ចាត់ទុកថាមានសារសំខាន់បំផុត ព្រោះជាកម្មវិធីថ្មី និងដំណើរការលឿនបំផុតសម្រាប់គណនាទិន្នន័យផ្សេៗគ្រប់វិស័យ ដូចជាវិស័យពន្ធដារ រោងចក្រ សហគ្រាសធុនតូចនិងមធ្យម និងមធ្យមភាគសិស្សប្រឡងជាដើម ។
ជាដំបូងលោកកិត្តិសេដ្ឋាបណ្ឌិត បានសម្រេចឲ្យជ្រើសរើសមន្រ្តី ក្នុងអគ្គនាយកដ្ឋានជំនាញចំនួន១០រូបចូលសិក្សា ដើម្បីជាគ្រូបង្គោលសម្រាប់បណ្តុះបណ្តាលបន្តទៀត ។ ហើយលោកកិត្តិសេដ្ឋាបណ្ឌិត ក៏សំណូមពរឲ្យលោកMitsunori Nishino បង្រៀនឲ្យបានច្រើនថែមទៀត ក្នុងស្ថាប័នរាជរដ្ឋាភិបាលនិងគ្រឹះស្ថានសិក្សានានា៕ដោយ៖កូឡាប