ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ មានករណីផ្ទុះអាវុធមួយករណី នៅក្នុងកាស៊ីណូយ៉ាឌូលី (Ya Duo li) មានទីតាំងនៅតំបន់ឆ្នេរអូរឈើទាល បង្កឡើងដោយជនជាតិចិនម្នាក់។
ជនបង្កជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនបានភ្លាមៗ និងដកហូតបានអាវុធខ្លីមួយដើមផងដែរ។
បទល្មើសខាងលើនេះ បានបណ្តាលឲ្យមនុស្សម្នាក់រងរបួសដោយសារជនល្មើស ជាខ្មាន់កាំភ្លើងវាយសំពងចំក្បាល។
បច្ចុប្បន្នជននេះ ជនសង្ស័យ ក្នុងបទល្មើសផ្ទុះអាវុធខាងលើ ត្រូវបាននាំខ្លួនទៅសួរនាំបន្ដ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីឈានទៅបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ដែន សីមា