ភ្នំពេញៈ ស្ថានទូត ណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រកាសជាផ្លូវការបើកអាហារូបករណ៍ New Zealand Scholarships (NZS) សម្រាប់ឆ្នាំ២០២០ ដល់ប្រជាជនកម្ពុជា។
លោក Taha Macpherson ឯកអគ្គរាជទូតណូវែលហ្សេឡង់នៅកម្ពុជាបានឲ្យដឹងថា អាហារូបករណ៍ ណូវែលហ្សេឡង់ មានគោលបំណងផ្តល់នូវចំណេះដឹង និងជំនាញបន្ថែម ទៅដល់ប្រជាជនកម្ពុជា ដើម្បីឲ្យពួកគេមានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសរបស់ពួកគេ ហើយលោកក៏បានអំពាវនាវឲ្យបេក្ខជនដែលមានសមត្ថភាពទាំងអស់ចូលរួមដាក់ពាក្យឲ្យបានច្រើនកុះករផងដែរ។
នៅក្នុងឆ្នាំ ២០២០ នេះ ប្រទេសណូវែលហ្សេឡង់នឹងផ្តល់អាហារូបករណ៍ សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតដល់ប្រជាជនកម្ពុជា ដែលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជននានា ដែលផ្តោតទៅលើ វិស័យអាទិភាពសម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា រួមមាន ការផ្លាស់ប្តូរអាកាសធាតុនិងភាពធន់ទ្រាំ ការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខស្បៀងនិងការអភិវឌ្ឍន៍វិស័យកសិកម្ម ការគ្រប់គ្រងថាមពលកកើតឡើងវិញ អភិបាលកិច្ចល្អ និងការអប់រំផ្នែកបង្រៀនភាសាអង់គ្លេស សម្រាប់ការសិក្សារថ្នាក់ អនុបណ្ឌិត និងបណ្ឌិត។
អតីតនិស្សិតកម្ពុជាជាប់អាហារូបករណ៍ និងក្រុមការងារគ្រប់គ្រងអាហារូបករណ៍
ការទទួលពាក្យសុំអាហារូបករណ៍ដើម្បីទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ New Zealand Scholarships សម្រាប់ឆ្នាំ ២០២០ នេះចាប់ផ្តើមពីពេលនេះតទៅ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ តាមប្រព័ន្ធអេឡិចត្រូនិច។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅសាកសួរនៅការិយាល័យ IDP Education ដែលមានទីតាំងនៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ឬទាក់ទងតាមរយៈលេខទូរស័ព្ទ៖
+៨៥៥ ២៣ ២២២ ០៦៣ និង អ៊ីម៉ែល nzscholarshipsinfo@idp.com ឬ ចូលទៅកាន់ គេហទំព័រ NZSCHOLARSHIPS.GOVT.NZ សំណួរតាមអ៊ីនធឺណិត scholarship.force.com/CommunityFAEnquiry និង ហ្វ៊េសប៊ុក facebook.com/NZScholarships៕ ដោយ៖កូឡាប