ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងបែបនេះ ពេលបានទទួលជួបលោក Doan Nyuyen Duc ប្រធានក្រុមហ៊ុនហ័ងអាញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) និងសហការី ដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពដែលក្រុមហ៊ុនសម្រេចបានលើផែនការ វិនិយោគសម្បទានដីសេដ្ឋកិច្ចដំណាំឧស្សាហកម្ម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ។
លោក Doan Nyuyen Duc តាំងនាមឲ្យក្រុមហ៊ុនហ័ងអាញយៀកឡាយ អាហ្គ្រីកូ បានថ្លែងថា ការគាំទ្រនិងកិច្ចសហការនេះហើយ បានលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យបន្ត និងបង្កើនការវិនិយោគក្នុងវិស័យនេះ បើទោះបីជាក្រុមហ៊ុនបានជួបនូវបញ្ហាប្រឈមជាច្រើននាពេលកន្លងមក រហូតមកសម្រេចបានសមិទ្ធផលដ៏ធំធេងមួយនាពេលថ្មីៗនេះ គឺការសម្ពោធជាផ្លូវការនៃការនាំចេញចេកអំបូងលឿងកម្ពុជាឆ្ពោះត្រង់ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មលើផ្ទៃដី ១៨ពាន់ហិកតា ក្នុងនោះបានដំណើរការរៀបចំចំការចេកលើផ្ទៃដីជាង ៧ពាន់ហិកតា ក្នុងនោះជាង ៣ពាន់ហិកតា កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគជាង ៤០០ លានដុល្លារ សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំដី ប្រព័ន្ធទឹក ការរៀបចំកូនដាំ ការរៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកចំនួន២ ដោយរចនាសម្ព័ន្ធវេចខ្ចប់ចំនួន ៨ ដែលបានចែកចេញជា២ ស្តង់ដារគឺចិន និងជប៉ុន។ល។ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូលប្រើប្រាស់ពលកម្មសរុប ២០០នាក់។ ក្រុមហ៊ុនក៏មានរោងចក្រវេចខ្ចប់ចំនួន ១០ ផងដែរ ដែលមានសមត្ថភាពផលិតបាន ២៥ម៉ឺនតោនក្នុង១ឆ្នាំ។ ហើយក្នុងឆ្នាំ ២០២០នេះ ក្រុមហ៊ុននឹងបង្កើនបរិមាណផលិតកម្មចេកស្រស់ឲ្យកើនឡើងដល់ ៥០០ពាន់តោន និងបន្តជំរុញការដាំដុះ កែច្នៃ និងនាំចេញដំណាំមួយចំនួនទៀតដូចជាស្វាយ ក្រូចថ្លុង ស្រកានាគ និងខ្មុរ ដែលត្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ១៥ពាន់នាក់បន្ថែមទៀត។ ដូច្នេះ តាមរយៈលោករដ្ឋមន្ត្រី លោកសូមស្នើដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធជួយទាកទាញកម្លាំងពលកម្ម ទាំងពលករដែលបានចំណាក់ស្រុកហើយ និងពលករដែលកំពុងនៅក្នុងស្រុកមកធ្វើការនៅក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៥ ដែលកំពុងប្រទះនូវបញ្ហាកង្វះខាតពលកម្ម។ មួយវិញទៀត ក្រុមហ៊ុនក៏មានផែនការពង្រីកការវិនិយោគផងដែរ ដោយសំដៅទៅលើការបង្កើតកសិដ្ឋានចិញ្ចឹមគោយកសាច់ចំនួន ៥ពាន់ក្បាល ដើម្បីរួមចំណែកក្នុងការជំរុញកំណើននៃការចិញ្ចឹមសត្វក្នុងស្រុក ជាពិសេសនាំចេញនាពេលអនាគត។
លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គ និងបញ្ហាប្រឈម រហូតដល់សម្រេចបានសមិទ្ធផលដ៏សំខាន់ៗជាច្រើន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ប្រកបដោយចីរភាព និងនិរន្តរភាព។ ភ្ជាប់ទៅនឹងការវិនិយោគនេះ លោករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការ ជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតផល ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារអន្តរជាតិ ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ឲ្យកាន់តែច្រើនថែមទៀត នាពេលអនាគត។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានណែនាំដល់ក្រុមហ៊ុន ធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើរជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយលេខាធិការដ្ឋាន ដីសម្បទានសេដ្ឋកិច្ចនូវរាល់ការងារបំពេញបែបបទដែលនៅសេសសល់ និងជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការអនុវត្តច្បាប់ និងបច្ចេកទេសសំដៅលើអនាម័យ និងភូតគាមអនាម័យ ដើម្បីបង្កើនជំនឿទុកចិត្តលើគុណភាព និងសុវត្ថិភា។ ចំពោះផែនការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោរបស់ក្រុមហ៊ុន លោករដ្ឋមន្ត្រីស្វាគមន៍ និងគាំទ្រជាខ្លាំង ព្រោះថានេះគឺជាការវិនិយោគដ៏ធំមួយ ក្នុងអនុវិស័យផលិតកម្មសត្វដែលប្រាកដថា នឹងចូលរួមជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះលោកស្នើឲ្យក្រុមហ៊ុន សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្នុងការបំពេញបែបបទ ក្នុងការបង្កើតកសិដ្ឋានប្រកបដោយស្តង់ដារ និងអនាម័យ៕ដោយ៖បញ្ញាស័ក្តិ