ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសកម្ពុជា បើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី១ -២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងអញ្ជើញបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ របស់គណបក្សប្រជាជនកម្ពុជា ។
នៅក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលនេះ គឺមានការយាង និងអញ្ជើញចូលរួមពី សម្ដេចពញាចក្រីហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ ជានុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលទាំងអស់របស់ គណបក្សប្រជាជនកម្ពុជា និងសមាជិកបង្គោលសំខាន់ៗមួយចំនួនទៀត។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសកម្ពុជា បច្ចុប្បន្នគឺមានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ ដែលនឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលចាប់ពីថ្ងៃទី១ ដល់ ២ ខែកុម្ភៈ ឆ្នាំ២០២០ ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ថា សន្និបាតនេះ មានការចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាលទាំងអស់របស់ CPP និងសមាជិកបង្គោលសំខាន់ៗមួយចំនួនទៀត។
លោកបន្តថា របៀបវារៈនៃសន្និបាតនេះ គឺបូកសរុបលទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ២០១៩ និងលើកទិសដៅបន្តក្នុងឆ្នាំ២០២០នេះ ព្រមទាំងពិភាក្សាអំពីយុទ្ធសាស្រ្តដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចរយៈពេល ៦អាណត្តិមកនេះ៕ដោយ៖កូឡាប